នៅថ្ងៃពុធ (ទី១៦ ខែកក្កដា) នេះ តួលេខផ្លូវការបានបង្ហាញថា ភ្ញៀវទេសចរក្នុងចំនួនដ៏ច្រើនបំផុត ២១,៥លាននាក់ បានទៅលេងកម្សាន្តនៅប្រទេសជប៉ុន ក្នុង ៦ខែដំបូងនៃឆ្នាំនេះ ដោយបានកើនឡើង ២១ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន បើទោះបីជាភ្ញៀវទេសចរហុងកុង បានធ្លាក់ចុះ ១ភាគ៣ ដោយសារពាក្យចចាមអារ៉ាមអំពីរញ្ជួយដីក៏ដោយ។
អង្គការទេសចរណ៍ជាតិជប៉ុន (JNTO) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ចំនួននេះលើសពី ២០លាននាក់ ក្នុងរយៈពេល ៦ខែពីមុនៗ ដែលជាការកើនឡើងក្នុងល្បឿនដ៏លឿនបំផុតមិនធ្លាប់មាន»។ សេចក្ដីថ្លែងការណ៍ បានឲ្យដឹងបន្ថែមថា ត្រឹមតួលេខនៅក្នុងខែមិថុនាតែមួយ បានកើនឡើង ៧,៦ភាគរយ ពោលគឺឡើងដល់ ៣,៤លាននាក់ ដោយសារតែតម្រូវការកើនឡើងស្របនឹងវិស្សមកាលរបស់សាលារៀន»។
ចំនួនដ៏ខ្ពស់បំផុតនេះត្រូវបានជំរុញដោយកំណើនភ្ញៀវទេសចរមកពីប្រទេសចិន កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បើធៀបនឹងឆ្នាំមុន។ ប៉ុន្តែចំនួនភ្ញៀវទៅពីហុងកុង បានធ្លាក់ចុះ ៣៣,៤ភាគរយ ដោយ JNTO បានលើកឡើងពីពាក្យចចាមអារ៉ាមតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានព្រមានអំពីការមានគ្រោះរញ្ជួយដីដ៏ធំ នៅក្នុងប្រទេសជប៉ុន៕