ជនប៉ាឡេស្ទីនយ៉ាងហោច ២១នាក់ ត្រូវបានសម្លាប់ ក្នុងការសម្លាប់រង្គាលចុងក្រោយនៅទីតាំងចែកចាយជំនួយរបស់មូលនិធិមនុស្សធម៌ហ្កាហ្សា(GHF) ស្ថិតក្នុងតំបន់ភាគខាងត្បូងហ្កាហ្សា ក្នុងនោះភាគច្រើននៃជនរងគ្រោះ ត្រូវបានគេរាយការណ៍បានស្លាប់ដោយសារការជាន់គ្នា និងថតដង្ហើមស្លាប់ ។
ក្រសួងសុខាភិបាលហ្កាហ្សា ជំទាស់ការចោតប្រកាន់បែបនេះពីមូលនិធិ GHF ដែលគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយពួកគេនិយាយថា ក្រុមអ្នកបង្កជម្លោះប្រដាប់អាវុធ នៅពីក្រោយឧបទ្ទេវហេតុនេះ ដែលបានកើតឡើងនៅព្រឹកថ្ងៃពុធ លើទីតាំងចែកជំនួយនៅទីក្រុង Khan Younis ។
នៅក្នុងសេចក្តីថ្លែងការណ៍មុននេះ មូលនិធី GHF បាននិយាយថា ជនរងគ្រោះ ១៩នាក់ ត្រូវបានគេជាន់រហូតដល់ស្លាប់ ហើយមនុស្សម្នាក់ទៀត ត្រូវបានគេចាក់សម្លាប់ ស្របពេលដែលភាពវឹកវរដ៏គ្រោះថ្នាក់ បានកើតឡើង ។
ដោយពុំបានផ្តល់ភ័ស្តុតាងណាមួយបញ្ជាក់អំណះអំណាងរបស់ខ្លួន ពួកគេនិយាយថា ហេតុការណ៍ជាន់គ្នា បង្កឡើងដោយហ្វូងមនុស្សប្រដាប់អាវុធ និងជាប់ពាក់ព័ន្ធជាមួយក្រុមហាម៉ាស ។
សេចក្តីថ្លែងការណ៍របស់ពួកគេ អះអាងថា បុគ្គលិករបស់មូលនិធិ GHF បានឃើញអាវុធជាច្រើននៅក្នុងចំណោមហ្វូងមនុស្ស ហើយកម្មករជាប់កិច្ចសន្យាម្នាក់របស់សហរដ្ឋអាមេរិក ត្រូវបានគេគំរាមដោយកាំភ្លើង ។
ក្រសួងសុខាភិបាលហ្កាហ្សា បានចេញសេចក្តីថ្លែងការណ៍និយាយថា ជនប៉ាឡេស្ទីន ២១នាក់ ត្រូវបានសម្លាប់នៅទីទាំងចែកចាយជំនួយរបស់មូលនិធិ GHF នាថ្ងៃពុធនេះ ។ ពួកគេកត់សំគាល់ឃើញថា មនុស្ស ១៥នាក់ ក្នុងចំណោមជនរងគ្រោះ បានស្លាប់ដោយសារការជាន់គ្នា ហើយនិងថប់ដង្ហើមស្លាប់ ក្រោយគេបាញ់ឧស្ម័នបង្ហូរទឹកភ្លើងលើហ្វូងមនុស្សដែលស្វែងរកជំនួយ ៕