ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សទាំងឡាយណាដែលមិនបានចាក់វ៉ាក់សាំងបង្ការវីរុស COVID-19 នឹងត្រូវចាប់ខ្លួន បើសិនបើពួកគេល្មើសនឹងបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះ ខណៈមានការឆ្លងហក់ឡើងខ្ពស់រយៈពេល ៣ខែមកនេះ។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ជាសារសម្រាប់ប្រទេសនេះ លោក Duterte បាននិយាយថា លោកកំពុងស្នើដល់បណ្ដាមេដឹកនាំសហគមន៍ឲ្យស្វែងរកអ្នកដែលមិនបានចាក់វ៉ាក់សាំង និងត្រូវធ្វើឲ្យប្រាកដថា ពួកគេទាំងនោះត្រូវតែស្ថិតនៅក្នុងផ្ទះរបស់ខ្លួន។ លោក Duterte បាននិយាយថា ប្រសិនបើអ្នកណាម្នាក់មិនព្រមអនុវត្តន៍តាម ប្រសិនបើអ្នកណាម្នាក់ចាកចេញពីផ្ទះ ឬចេញចូលក្នុងសហគមន៍នោះគេអាចនឹងត្រូវបានឃាត់ខ្លួន។ ប្រសិនបើគេនៅតែមិនព្រម ឬរឹងរូសត្រូវចាប់ខ្លួនតែម្ដងទៅ។
ក្រសួងសុខាភិបាលប្រទេសនេះបានបញ្ជាក់ថា ករណីឆ្លងវីរុសកូរ៉ូណាប្រចាំថ្ងៃនៅហ្វីលីពីនបានហក់ឡើងខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២៦ខែកញ្ញា ដោយមានករណីឆ្លងថ្មីចំនួន ១៧,២២០នាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ រួមទាំងករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron ផងដែរ។ ប្រទេសហ្វីលីពីនមានករណីឆ្លងវីរុស COVID-19 សរុបចំនួន ២,៨៨៨,៩១៧នាក់ និងស្លាប់ចំនួន ៥១,៧៤៣នាក់ ជាប្រទេសដែលមានករណីឆ្លង និងស្លាប់ខ្ពស់បំផុតទី២ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី៕
អត្ថបទ៖ សុខមាន