នៅថ្ងៃពុធនេះ ចិននិយាយថា ខ្លួនចង់ធ្វើការជាមួយអូស្រ្តាលី ដើម្បីផ្តល់បរិស្ថានធុរកិច្ចបើកទូលាយ និងត្រឹមត្រូវ ស្របពេលដែលនាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese បំពេញទស្សនកិច្ចនៅក្នុងប្រទេសមួយនេះ ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានថា ចិនតែងតែមានជំនឿថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម គឺជាកម្លាំងស្ថិរភាពនៃទំនាក់ទំនងចិន-អូស្រ្តាលី ។
លោកបន្តថា ចិនចង់ធ្វើការជាមួយអូស្រ្តាលី ដើម្បីផ្តល់បរិស្ថានធុរកិច្ចមិនរើសអើង បើកទូលាយ ត្រឹមត្រូវសម្រាប់ក្រុមហ៊ុនមកពីប្រទេសទាំង ២ ដើម្បីវិនិយោគ និងប្រតិបត្តិការក្នុងទីផ្សារគ្នាទៅវិញទៅមក និងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ។
សេចក្តីថ្លែងការណ៍នេះ បានកើតមានឡើងនៅថ្ងៃទី ៥នៃដំណើរទស្សនកិច្ចនៅចិនរបស់លោក Albanese ដែលកំពុងធ្វើឲ្យមានតុល្យភាពពាណិជ្ជកម្ម និងសន្តិសុខ ។
លោក Albanese និយាយនៅថ្ងៃពុធនេះថា វាគឺជាចំណាប់អារម្មណ៍របស់អូស្រ្តាលី ក្នុងការមានទំនាក់ទំនងវិជ្ជមានជាមួយចិន ហើយមិនត្រូវកំណត់ដោយការខ្វែងគំនិតគ្នានោះឡើយ ៕