ភ្លើងឆេះព្រៃ ២កន្លែង បានឆាបឆេះតំបន់ភាគពាយ័ព្យប្រទេសទួរគីកាលពីយប់កន្លងទៅ ដោយបានបំផ្លិចបំផ្លាញដីព្រៃ និងតំបន់រស់នៅរបស់អ្នកស្រុក ។
ភ្លើងឆេះព្រៃនៅស្រុក Sarkoy ស្ថិតក្នុងខេត្ត Tekirdag បានចាប់ផ្តើមឆាបឆេះឡើងកាលពីរសៀលថ្ងៃអង្គារ ជាហេតុនាំឲ្យមានការជម្លៀសមនុស្សចេញនៅតាមទីក្រុងចំនួន ៣ ជាការប្រុងប្រយ័ត្នទុកជាមុន ខណៈមនុស្ស ៤នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានធ្វើការទាំងលើដី និងលើអាកាស ដើម្បីទប់ស្កាត់អណ្តាតភ្លើង ពេលដែលវាឆាបឆេះចូលដល់ថ្ងៃទី ២នៅថ្ងៃពុធនេះ ។
ភ្លើងឆេះព្រៃមួយទៀត បានឆាបឆេះផងដែរនៅស្រុក Ayvacik ស្ថិតក្នុងខេត្ត Canakkale បង្ខំឲ្យជម្លៀសមនុស្សចេញពីភូមិចំនួន ៤កាលពីថ្ងៃអង្គារ ខណៈបំផ្លិចបំផ្លាញផ្ទះសម្បែង និងសម្លាប់បសុសត្វនៅតំបន់នោះ ។ ភ្លើងឆេះព្រៃមួយនេះ ត្រូវបានទប់ស្កាត់ជាប់នៅថ្ងៃពុធនេះ ក្រោយក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់អណ្តាតភ្លើងពេញមួយយប់ ។
សូមបញ្ជាក់ថា ក្រិក និងបណ្តាប្រទេសផ្សេងទៀតស្ថិតក្នុងតំបន់មេឌីទែរ៉ាណេ ត្រូវបានចាត់ទុកថាជាចំណុចក្តៅនៃភ្លើងឆេះព្រៃដោយក្រុមអ្នកវិទ្យាសាស្រ្ត ដែលករណីភ្លើងឆេះព្រៃនេះ ក្លាយជារឿងធម្មតាទៅហើយ អំឡុងរដូវក្តៅស្ងួត ៕