នៅថ្ងៃពុធ (ទី១៦ ខែកក្កដា) នេះ ប្រទេសចិនបានអះអាងជាថ្មីម្ដងទៀតថា ខ្លួនកំពុងធ្វើឲ្យមានប្រក្រតីភាពទំនាក់ទំនងជាមួយសភាអឺរ៉ុប ខណៈដែលទីក្រុងប៉េកាំងប្រឹងប្រែងបង្កើតចំណងទាក់ទងទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយឲ្យកាន់តែជិតស្និទ្ធជាមួយទីក្រុងប្រ៊ុចសែល ស្របពេលដែលជម្លោះពាណិជ្ជកម្មពិភពលោក កំពុងផ្ទុះឡើង។
ដោយសំដៅទៅលើបញ្ហាជាច្រើន ក្រសួងការបរទេសចិនបានឲ្យដឹងថា៖ «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការផ្លាស់ប្តូរ រវាងស្ថាប័ននីតិប្បញ្ញត្តិរបស់ចិន និងអឺរ៉ុប បានជួបប្រទះនឹងបញ្ហាមួយចំនួន ដោយសារហេតុផលលេចធ្លោជាច្រើន»។
អ្នកនាំពាក្យក្រសួង លោក Lin Jian បាននិយាយថា៖ «ក្នុងកាលៈទេសៈបច្ចុប្បន្ន ភាគីទាំង២ ជឿថា វាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសចិន និងអឺរ៉ុប ក្នុងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ»។ លោកបានបន្ថែមថា ទីក្រុងប៉េកាំង និងសភាអឺរ៉ុប បានសម្រេចលុបចោលរាល់ការរឹតបន្តឹងលើការផ្លាស់ប្តូរសមាជិកសភាទៅវិញទៅមក។
ការអត្ថាធិប្បាយរបស់ក្រសួងការបរទេសចិន បានកើតឡើងបន្ទាប់ពីសារព័ត៌មាន South China Morning Post បានរាយការណ៍ថា ទីក្រុងប៉េកាំងបានដក «ការរឹតបន្តឹង» លើអតីតសមាជិកសភាសហភាពអឺរ៉ុប (EU) លោក Reinhard Buetikofer ដែលត្រូវបានដាក់ទណ្ឌកម្មកាលពីឆ្នាំ២០២១។
ប្រក្រតីភាពទំនាក់ទំនងនេះ ត្រូវបានបញ្ជាក់ជាលើកដំបូងដោយសភាអឺរ៉ុប និងទីក្រុងប៉េកាំង កាលពីដើមឆ្នាំនេះ។ ហើយអ្វីដែលសំខាន់នោះ គឺថា ការកត់សម្គាល់នាថ្ងៃពុធនេះ ក៏បានកើតមានផងដែរ នៅមុនកិច្ចប្រជុំកំពូលរបស់មេដឹកនាំចិន-EU ដែលនឹងធ្វើឡើងនៅចុងខែនេះ ជាពេលដែលលោកស្រី Ursula von der Leyen និងលោក Antonio Costa របស់ EU ត្រូវបានគេរំពឹងថា នឹងជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅទីក្រុងប៉េកាំង៕