រលកកម្តៅនៅអឺរ៉ុប បានមកដល់លឿនដោយមិននឹកស្មានដល់ក្នុងឆ្នាំនេះ ជាមួយការកើនឡើងសីតុណ្ហភាពសំខាន់ចំនួន ២លើករួចទៅហើយ ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់លាននាក់ ហើយរលកកម្តៅលើកទី ៣ កំពុងវាយប្រហារតំបន់ជាច្រើននៅក្នុងទ្វីបមួយនេះ ។
ចាប់ពីចុងខែមិថុនា រហូតដល់ពាក់កណ្តាលខែកក្កដា សីតុណ្ហភាពបានកើនឡើងខ្ពស់រហូតដល់ ៤៦អង្សាសេ នៅតាមទីតាំងមួយចំនួននៅអឺរ៉ុបខាងលិច ដែលកំពុងជួបរលកកម្តៅបំបែកកំណត់ត្រា ។
ភ្លើងឆេះព្រៃនៅប្រទេសក្រិក បង្កឲ្យមានការជម្លៀសខ្លួនមនុស្ស ខណៈនៅបារាំង វិធានការសង្រ្គោះបន្ទាន់ បានបិទសាលារៀន ហើយសូម្បីនៅប៉ម La Tour Eiffel ។ នៅក្នុងប្រទេសអ៊ីតាលី បំរាមការងារខាងក្រៅ បានធ្វើឲ្យប៉ះពាល់ដល់កម្មករជាច្រើន ។
ក្រសួងបរិស្ថានអេស្ប៉ាញ បាននិយាយថា សីតុណ្ហភាពខ្ពស់ បណ្តាលឲ្យមនុស្ស ១.១៨០នាក់ស្លាប់ នៅក្នុងរយៈពេល ២ខែកន្លងមកនេះ ដែលជាចំនួនកើនឡើងយ៉ាងឆាប់រហ័ស ពីរយៈពេលតែមួយកាលពីឆ្នាំមុន ។
យោងតាមការសិក្សា បានឲ្យដឹងថា ករណីស្លាប់មនុស្សពាក់ព័ន្ធនឹងរលកកម្តៅប្រហែល ២.៣០០នាក់ ត្រូវបានរកឃើញនៅតាមទីក្រុងចំនួន ១២របស់អឺរ៉ុប ចន្លោះថ្ងៃទី ២៣ ខែមិថុនា និងថ្ងៃទី ២ ខែកក្កដា ។ មនុស្សស្លាប់ប្រហែល ១.៥០០នាក់ ពាក់ប័ន្ធនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ។
លោកវេជ្ជបណ្ឌិត Ben Clarke គឺជាអ្នកសា្រវជ្រាវនៅមហាវិទ្យាល័យចក្រពត្តិក្រុងឡុងដ្រ៍ និយាយថា បម្រែបម្រួលអាកាស រួមចំណែកដ៏សំខាន់ចំពោះរលកកម្តៅទាំងអស់នេះ ដែលធ្វើឲ្យកាន់តែគ្រោះថ្នាក់ខ្លាំងជាងមុន ៕