ភ្នំពេញ ៖ ការដាក់ចេញក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា បានកំពុងអនុវត្តស្រប តាមចក្ខុវិស័យឆ្នាំ២០៥០ ដែលនិងជំរុញដល់ការចូលរួមក្នុងវិស័យវិនិយោគ និងភាពជាសហគ្រិន ដើម្បីគាំទ្រដល់កំណើនប្រកបដោយ បរិយាប័ន្ន និងការអភិវឌ្ឍន៍ជាតិ។
លោក ទុយ សោភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិ របស់ ILO ប្រចាំកម្ពុជា លើកឡើងនៅក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ នៅថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៥ នេះថា សេដ្ឋកិច្ចក្រៅប្រព័ន្ធដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើតការងារ បង្កើតប្រាក់ចំណូល និងការកាត់បន្ថយ ភាពក្រីក្រ ជាពិសេសសម្រាប់កម្មករ និងសហគ្រិនដែលប្រតិបត្តិការក្រៅប្រព័ន្ធផ្លូវការ ជាក់ស្តែងប្រមាណជាង ៦០ ភាគរយ នៃចំនួន ប្រជាជនដែលមានការងារធ្វើលើពិភពលោក ទទួលបានជីវភាពរស់នៅ គឺពឹងផ្អែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ខណៈពេលដែលភាពមិន ផ្លូវការប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ ក្នុងនោះសម្រាប់ប្រទេសកម្ពុជា កម្លាំងពលកម្មប្រមាណ ៨៨ ភាគរយ បានប្រឡូកក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង ៨៧ ភាគរយ គឺកម្មការនីជាស្ត្រី។
លោក បន្តថា សម្រាប់ការងារខាងលើនេះ បានបង្ហាញនូវវឌ្ឍនភាពប្រកបដោយស្ថិរភាព និងគួរឱ្យសរសើរ ដែលបាននិងកំពុង អនុវត្ត ជាឧទាហរណ៍, ពីឆ្នាំ២០១១ ដល់ ២០២២ អត្រាផ្លូវការ ក្នុងចំណោមសហគ្រាសដែលមាននិយោជិតពី ៥-១០ នាក់ បានកើនឡើងពី ១៤ ភាគរយ ទៅ ៨៣ ភាគរយ, យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាប្រឈមមុខនឹងបញ្ហាមួយចំនួន ក្នុងការជំរុញ ការងារ និងការការពារសង្គម សម្រាប់ការផ្លាស់ប្តូរ រួមទាំងឧបសគ្គសារពើពន្ធ ដែលកំណត់សមត្ថភាពវិនិយោគ សេដ្ឋកិច្ចក្រៅផ្លូវការ ដ៏ធំមួយ និងកង្វះកម្លាំងពលកម្មជំនាញ ដែលកំពុងលេចឡើងនៅទូទាំងវិស័យសំខាន់ៗមួយចំនួន។
លោក ទុយ សោភ័ណ្ឌ លើកឡើងបន្តថា តែទោះបីយ៉ាងណា ការអភិវឌ្ឍន៍ក្របខ័ណ្ឌត្រួតពិនិត្យ តាមដាន នឹងវាយតម្លៃយុទ្ធ សាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ គឺបានធ្វើឡើង ស្របតាមចក្ខុវិស័យដ៏ទូលំទូលាយរបស់កម្ពុជា សម្រាប់ឆ្នាំ២០៥០ ដែលជំរុញការងារសមរម្យ និងយុត្តិធម៌សង្គម។ តាមរយៈនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចចូលក្នុងប្រព័ន្ធ ដើម្បីរួមគ្នាជំរុញការវិនិយោគ ភាពជាសហគ្រិន ការអភិវឌ្ឍន៍ជំនាញ និងធ្វើឱ្យជីវភាពរស់នៅប្រកបដោយនិរន្តរភាព ដែលមាន សារៈសំខាន់សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន និងការអភិវឌ្ឍន៍ជាតិ។ លើសពីនេះ រាជរដ្ឋាភិបាលបានបង្កើតផែនទីបង្ហាញផ្លូវ កម្ពុជា សម្រាប់អ្នកពន្លឿនពិភពលោក លើការងារ និងការការពារសង្គមសម្រាប់ការផ្លាស់ប្តូរ ក្នុងគំនិតផ្តួចផ្តើមជា "ប្រទេសស្វែងរកផ្លូវ" នៅខែកញ្ញា ឆ្នាំ២០២៣ កន្លងមក។
សូមបញ្ជាក់ថា កម្មវិធីពន្លឿនពិភពលោក ស្តីពីការងារ និងការការពារសង្គមសម្រាប់ការផ្លាស់ប្តូរដោយគ្រាន់តែ (GA) គឺជាគំនិតផ្តួច ផ្តើមមួយ ដែលត្រូវបានចាប់ផ្តើមដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ឆ្នាំ២០២១ ដោយគាំទ្រដល់ប្រទេសនានា ក្នុងការបង្កើតគោលនយោបាយរួមបញ្ចូលគ្នា និងហិរញ្ញប្បទាន ដើម្បីលើកកម្ពស់ការងារសមរម្យ ការការពារសង្គម និងការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។ ផែនទីបង្ហាញផ្លូវត្រូវបានពិភាក្សា និងគាំទ្រយ៉ាងសកម្មដោយភាគីពាក់ព័ន្ធសំខាន់ៗរួមមាន ក្រសួងរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងដៃគូសង្គមជាដើម៕
អត្ថបទ៖ សុន រ៉ាឌី






