បាល់ទាត់៖ ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho អាចនឹងត្រលប់មកកាន់ក្របខណ្ឌ English Premier League វិញឆាប់ៗនេះបន្ទាប់ពីមានក្លិបអង់គ្លេសដល់ទៅ ៦ ធ្វើទំនាក់ទំនង។ Philippe Coutinho ពិបាកនឹងវិលទៅរកទម្រង់លេងកំពូលរបស់ខ្លួនបាននៅ Barcelona តាំងពីផ្លាស់ពី Liverpool កាលពីឆ្នាំ២០១៨ ខែមករាក្នុងតម្លៃ ១៤៦លានផោន ហើយមកដល់ពេលនេះរកតែតំណែងច្បាស់លាស់ ១១នាក់ដំបូងមិនបានទៅទៀត។

Aston Villa ដែលកំពុងដឹកនាំដោយ Steven Gerrard កំពុងឈានមុខគេក្នុងការតាមដាន និងធ្វើទំនាក់ទំនងមកកាន់ Barcelona។ កាំភ្លើងធំ Arsenal ក៏ជាគូប្រជែងធំជាមួយនឹង Aston Villa ដែរក្នុងការនាំយកកីឡាករវ័យ ២៩ឆ្នាំរូបនេះបូករួមទាំង Newcastle United, Everton, Leicester City និង Tottenham Hotspur ផងដែរ។ រំលឹកថា Philippe Coutinho ធ្លាប់មានអាជីពជោគជ័យមួយជាមួយ Liverpool រយៈពេល ៥ឆ្នាំដោយគេបានស៊ុតបញ្ចូលទីសរុប ៥៤គ្រាប់ និងបញ្ជូន ៤១ ក្នុងការបង្ហាញខ្លួនសរុប ២០១ប្រកួតឱ្យក្លិបនៅ Merseyside មួយនេះ។ ផ្លាស់ទៅកាន់ Barcelona ភ្លាម Coutinho មិនមានតំណែងច្បាស់លាស់ឡើយ និងត្រូវបានក្លិបបញ្ចេញឱ្យ Bayern Munich ខ្ចីនៅរដូវកាល ២០១៩-២០២០ ឈ្នះជើងឯក Bundesliga, DFB Pokal និង UEFA Champions League៕
អត្ថបទ៖នាង សុភាវុធ