អង់គ្លេស បានដកចេញបំរាមរយៈពេល ៥ឆ្នាំលើក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន ដើម្បីអនុញ្ញាតឲ្យពួកគេអាចចាប់ផ្តើមការហោះហើរឡើងវិញចេញ-ចូលចក្រភពអង់គ្លេស ស្របពេលដែលប៉ាគីស្ថាន បង្កើនកិច្ចខិតខំ ដើម្បីធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនដឹកជញ្ជូនជាតិដែលជួបស្ថានការលំបាករបស់ខ្លួន គឺក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន(PIA) ។
ឧត្តមស្នងការអង់គ្លេសនៅទីក្រុងអ៊ីស្លាម៉ាបាដ និយាយនាថ្ងៃពុធនេះថា គណៈកម្មាធិការសុវត្ថិភាពអាកាសចរណ៍ចក្រភពអង់គ្លេស បានសម្រេចចិត្តដកចេញបំរាមនេះ ក្រោយភាពល្អប្រសើរឡើងសុវត្ថិភាពអាកាសចរណ៍នៅប្រទេសប៉ាគីស្ថាន ។
ឧត្តមស្នងការរូបនេះ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយផ្អែកលើដំណើរការឯករាជ្យ និងបច្ចេកវិទ្យា ពួកយើងបានសម្រេចចិត្តដកប៉ាគីស្ថាន និងក្រុមហ៊ុនដឹកជញ្ជូនតាមអាកាសរបស់ពួកគេ ចេញពីបញ្ជីសុវត្ថិភាពអាកាសចរណ៍ចក្រភពអង់គ្លេស ។
ចំណាត់ការមួយនេះ បានកើតមានឡើង ក្រោយទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហភាពអឺរ៉ុប បានដកចេញបំរាមរយៈពេល ៤ឆ្នាំលើក្រុមហ៊ុន PIA ហើយក្រុមហ៊ុនដឹកជញ្ជូនគ្រប់គ្រងដោយរដ្ឋប៉ាគីស្ថានមួយនេះ បានចាប់ផ្តើមជើងហោះហើរទៅកាន់អឺរ៉ុបឡើងវិញ កាលពីខែមករា ។
លោកនាយករដ្ឋមន្រ្តី Shehbaz Sharif បានស្វាគមន៍ការដកចេញបំរាមនេះថា ជាព្រឹត្តការណ៍សំខាន់សម្រាប់ប្រទេសរបស់លោក ៕