កុមារអត់ឃ្លានជួបកង្វះអាហារូបត្ថម្ភ ទទួលបានការព្យាបាលនៅមន្ទីរពេទ្យ Nasser ស្ថិតក្នុងទីក្រុង Khan Younis ស្របពេលដែលទីភ្នាក់ងារជំនួយប៉ាឡេស្ទីនអង្គការសហប្រជាជាតិ(UNRWA) ព្រមានថា អត្រាកង្វះអាហារូបត្ថម្ភ មានការកើនឡើងខ្ពស់នៅតំបន់ហ្កាហ្សា ។
ទីភ្នាក់ងារ UNRWA រាយការណ៍ថា កុមារម្នាក់ក្នុងចំណោមកុមារ ១០នាក់ដែលត្រូវបានពិនិត្យក្នុងមន្ទីរពេទ្យនៅតំបន់ហ្កាហ្សា ជួបកង្វះអាហារូបត្ថម្ភ ដោយសារភាពស្រេកឃ្លានរបស់កុមារកើនឡើងនៅទូទាំងដែនដីមួយនេះ ក្នុងពេលមានការបិទច្រករបស់អ៊ីស្រាអែល ។
លោក Philippe Lazzarini គឺជាប្រធានទីភ្នាក់ងារ UNRWA បាននិយាយកាលពីថ្ងៃអង្គារថា ការរារាំងជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា នាំឲ្យកើតមានកង្វះការផ្គត់ផ្គង់អាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយលោក បានចាត់ទុកស្ថានភាពកុមារស្រេកឃ្លាននថា ជាការបង្កឡើងដោយអ៊ីស្រាអែល ។
ខណៈពេលនោះដែរ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ Nasser លោក Sarah Freih និយាយថា ៦នាក់ក្នុងចំណោមកុមារកង្វះអាហារូបត្ថម្ភ ១០នាក់ ត្រូវការសម្រាកក្នុងមន្ទីរពេទ្យ ជាទីដែលមានការធ្វើរោគវិនិច្ឆ័យរាល់ថ្ងៃនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ។
ចាប់តាំងីខែមករា ឆ្នាំ ២០២៤រហូតមក ទីភ្នាក់ងារ UNRWA និយាយថា ក្មេងប្រុស និងក្មេងស្រី អាយុក្រោម ៥ឆ្នាំ ជាង ២៤ម៉ឺននាក់ ត្រូវបានពិនិត្យសុខភាពរកកង្វះអាហារូបត្ថម្ភ ហើយពួកគេបញ្ជាក់ថា មុនពេលសង្រ្គាមផ្ទុះឡើង កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរកម្ររកឃើញខ្លាំងណាស់នៅតំបន់ហ្កាហ្សាស្រ្ទីប ។
នៅថ្ងៃទី ១៩ ខែឧសភា អ៊ីស្រាអែលដកចេញការបិទច្រកជំនួយរយៈពេល ១១សប្តាហ៍លើតំបន់ហ្កាហ្សា អនុញ្ញាតឲ្យការចែកចាយជំនួយមានដែនកំណត់ ចាប់ផ្តើមឡើងវិញ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារ UNRWA ត្រូវបានគេបន្តហាមឃាត់មិនឲ្យនាំជំនួយចូលទៅកាន់ដែនដីបិទច្រកមួយនេះ ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ មូលនិធិការអង្គការសហប្រជាជាតិ(UNICEF) និយាយថា កាលពីខែមុន កុមារជាង ៥.៨០០នាក់ ត្រូវបានធ្វើរោគវិនច្ឆ័យរកឃើញមានកង្វះអាហារូបត្ថម្ភនៅតំបន់ហ្កាហ្សា រួមទាំងកុមារ ១ពាន់នាក់ ជួបកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរផងដែរ ៕