មូលនិធិជំនួយមនុស្សធម៌ហ្កាហ្សា(GHF) បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា ជនជាតិប៉ាឡេស្ទីនចំនួន២០នាក់បានស្លាប់ក្នុងការប្រជ្រៀតជាន់គ្នានៅឯកន្លែងចែកចាយជំនួយមួយក្នុងតំបន់ Khan Younis របស់ដែនដីហ្កាហ្សា ហើយបានចោទប្រកាន់ក្រុមអ្នកបង្កជម្លោះប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស ថាបានបង្កភាពចលាចលជាដើមឲ្យមានការស្លាប់នេះ។

ក្រុមដែលគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បាននិយាយថា មនុស្ស ១៩ នាក់ត្រូវបានស្លាប់ក្នុងការប្រជ្រៀតជាន់គ្នា ហើយមនុស្សម្នាក់ត្រូវបានចាក់ពេលមានការកើនឡើងដ៏វឹកវរ និងគ្រោះថ្នាក់ បង្កឡើងដោយក្រុមអ្នកបង្កភាពចលាចលក្នុងហ្វូងមនុស្ស នៅឯកន្លែងផ្តល់ជំនួយនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។
ក្រុមមូលនិធិជំនួយមនុស្សធម៌GHFខាងលើ បាននិយាយថា ពួកគេមានហេតុផលគួរឱ្យជឿជាក់ថាការប្រជ្រៀតជាន់គ្នានេះ មានជាប់ពាក់ព័ន្ធនឹងក្រុមប្រដាប់អាវុធជាច្រើនក្រុម ដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស មានចេតនាបង្កភាពចលាចលនេះ ដោយបន្ថែមថានេះជាលើកដំបូងចាប់តាំងពីប្រតិបត្តិការបានចាប់ផ្តើម ហើយក្រុមប្រដាប់អាវុធជាច្រើនត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងការប្រជ្រៀតគ្នាស្លាប់នោះ។
គេមិនអាចផ្ទៀងផ្ទាត់ការអះអាងរបស់មូលនិធិជំនួយ GHF ទាក់ទងនឹងការជាប់ពាក់ព័ន្ធរបស់ក្រុមអ្នកបង្កជម្លោះ ឬដើមចមដែលបង្កឱ្យមានការប្រជ្រៀតជាន់គ្នានោះទេ។
GFH និយាយថា ព្រឹត្តិការណ៍ដ៏គួរឱ្យរន្ធត់នេះកើតឡើងតាមគំរូដ៏គួរឱ្យព្រួយបារម្ភក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ សារមិនពិតអំពីការបើកទីតាំងចែកចាយជំនួយ រួមទាំងនៅ SDS4 (Wadi Gaza) និង SDS1 (Tal Sultan) ដែលបានបិទជាយូរមកហើយ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើ Telegram និងវេទិកាសង្គមផ្សេងទៀត ដោយជំរុញឱ្យមានការភ័ន្តច្រឡំ ជំរុញឱ្យហ្វូងមនុស្សទៅកាន់កន្លែងដែលគេបានបិទ និងញុះញង់ឱ្យមានអសណ្តាប់ធ្នាប់៕

