យោធាអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាលើទីក្រុងដាម៉ាស របស់ស៊ីរី កាលពីថ្ងៃពុធ (១៦ កក្កដា) ដោយបានបំផ្ទុះផ្នែកមួយនៃក្រសួងការពារជាតិ និងវាយប្រហារនៅជិតវិមានប្រធានាធិបតីស៊ីរី ខណៈខ្លួនប្តេជ្ញាថានឹងកម្ទេចកងកម្លាំងរដ្ឋាភិបាលណា ដែលវាយប្រហារលើជនជាតិភាគតិច Druze នៅភាគខាងត្បូងស៊ីរី ហើយទាមទារឱ្យកងកម្លាំងទាំងនោះដកខ្លួនចេញ។

ការវាយប្រហារនេះជាការបង្កើនភាពតានតឹងដ៏ធំរបស់អ៊ីស្រាអែល ប្រឆាំងនឹងរដ្ឋបាលដឹកនាំដោយក្រុមអ៊ិស្លាមនិយមរបស់ប្រធានាធិបតីបណ្តោះអាសន្ន Ahmed al-Sharaa ហើយក៏កើតឡើងស្របពេលដែលមានទំនាក់ទំនងកក់ក្តៅរបស់មេដឹកនាំស៊ីរីថ្មីរូបនេះជាមួយសហរដ្ឋអាមេរិក និងទំនាក់ទំនងផ្នែកសន្តិសុខដែលកំពុងវិវត្តន៍ជាមួយអ៊ីស្រាអែល។

ដោយពណ៌នាលោក Sharaa ថាជាពួកជីហាដដែលក្លែងបន្លំខ្លួន អ៊ីស្រាអែលបាននិយាយថា ខ្លួននឹងមិនអនុញ្ញាតឱ្យពួកគេបញ្ជូនកងកម្លាំងចូលទៅក្នុងភាគខាងត្បូងស៊ីរីឡើយ ហើយប្តេជ្ញាការពារសហគមន៍ Druze ក្នុងតំបន់ពីការវាយប្រហារ ដែលជំរុញដោយការអំពាវនាវពីជនជាតិភាគតិច Druze ផ្ទាល់នៅក្នុងអ៊ីស្រាអែល។ សហរដ្ឋអាមេរិកនិយាយថា ការប្រយុទ្ធនេះនឹងបញ្ឈប់ក្នុងពេលឆាប់ៗ។

មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅសប្តាហ៍នេះ ក្នុងអំពើហិង្សាដ៏ឃោរឃៅទាំងនៅក្នុង និងជុំវិញទីក្រុង Sweida នៃខេត្ត Druze ដែលមានជនជាតិភាគតិចមួយនេះរស់នៅយ៉ាងលើសលប់ ដោយបានធ្វើឱ្យក្រុមអ្នកប្រយុទ្ធមកពីសហគមន៍ Druze ក្រោកតតាំងប្រឆាំងនឹងកងកម្លាំងសន្តិសុខរដ្ឋាភិបាល និងសមាជិកកុលសម្ព័ន្ធ Bedouin ។ គួរឱ្យដឹងថា ជនជាតិ Druze គឺជាអ្នកគោរពសាសនាដែលមានខ្សែស្រឡាយពីអ៊ិស្លាម ហើយសហគមន៍មួយនេះបានរីកសាយភាយរវាងប្រទេសស៊ីរី លីបង់ និងអ៊ីស្រាអែល៕