គណៈប្រតិភូមកពីក្រុមការងាររថយន្តនៃសភាពាណិជ្ជកម្មចិនប្រចាំនៅសហភាពអឺរ៉ុប (CCCEU) បានជំរុញឱ្យក្រុមមន្ត្រីសហភាពអឺរ៉ុប ធានាការទទួលបានទីផ្សារដោយយុត្តិធម៌សម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់ចិន ។

ក្នុងអំឡុងពេលពិភាក្សាជាមួយក្រុមអ្នកបង្កើតគោលនយោបាយអឺរ៉ុបកាលពីថ្ងៃអង្គារ និងថ្ងៃពុធសប្ដាហ៍នេះ ក្រុមអ្នកតំណាងមកពីក្រុមការងាររថយន្តរបស់ CCCEU បានសម្តែងការព្រួយបារម្ភថាសម្ពាធនយោបាយខាងក្រៅអាចជះផល់ប៉ះពាល់ដល់ការសម្រេចចិត្តគោលនយោបាយរបស់សហភាពអឺរ៉ុប ដែលអាចផ្លាស់ប្តូរវិធីសាស្រ្តរបស់ប្លុកនេះ ពីការបន្ធូរបន្ថយហានិភ័យ ទៅជាការកាត់ផ្ដាច់ចេញពីប្រទេសចិន។
ពួកគេបានសម្តែងការព្រួយបារម្ភថាផលិតផលរបស់ចិនអាចត្រូវបានដាក់ស្លាកថា "ចូលរួមក្នុងការបង្វែរពាណិជ្ជកម្ម" ដូច្នេះត្រូវប្រឈមនឹងការរឹតត្បិតក្នុងទីផ្សារអឺរ៉ុប ហើយថាការរុញឲ្យមានភាពតានតឹងពាណិជ្ជកម្មកកើនឡើងរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក អាចប៉ះពាល់ដល់ស្ថិរភាពនៃទីផ្សារអឺរ៉ុប។
ក្រុមតំណាង CCCEU បានកត់សម្គាល់ថាការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុបក្នុងការដាក់ពន្ធបន្ថែមលើរថយន្ត EV ផលិតដោយចិន ផ្ទុយនឹងមហិច្ឆតាអាកាសធាតុរបស់សហភាពអឺរ៉ុប ដោយការរឹតត្បិតការនាំចូលយានជំនិះគ្មានការបំភាយឧស្ម័នដែលមានតម្លៃសមរម្យ។
ក្រុមនេះបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី EV របស់ចិន ផ្តល់នូវការប្រកួតប្រជែង ដំណោះស្រាយ ដឹកជញ្ជូនស្អាត ហើយគួរតែត្រូវបានផ្តល់សិទ្ធិចូលទីផ្សារដោយស្មើភាព និងសមធម៌ក្នុងទ្វីបអឺរ៉ុប៕

