អ្នកនាំពាក្យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) នេះថា លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានបញ្ជាឱ្យបង្កើតក្រុមស៊ើបអង្កេតថ្មីមួយ ដែលមានការចូលរួមពីនគរបាល និងរដ្ឋអាជ្ញា ដើម្បីពិនិត្យមើលលើហេតុការណ៍ហ្វូងមនុស្សជាន់សង្កត់គ្នាស្លាប់ក្នុងពិធីបុណ្យខ្មោច ហាឡូវីន (Halloween) ដែលនាំឱ្យមានការស្លាប់ចំនួន ១៥៩នាក់ ក្នុងឆ្នាំ២០២២។

អ្នកនាំពាក្យប្រធានាធីបតី លោកស្រី Kang Yu-jung បានប្រាប់សន្និសីទខ្លីមួយថា ការសម្រេចចិត្តរបស់លោក Lee ក្នុងការចាប់ផ្តើមស៊ើបអង្កេតថ្មីមួយនេះ បានកើតឡើងនៅពេលដែលលោកបានជួបក្រុមគ្រួសារជនរងគ្រោះពីមហន្តរាយធំៗនានាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងហេតុការណ៍ក្នុងបុណ្យហាឡូវីន នៅទីក្រុងសេអ៊ូលផងដែរ។
គួររម្លឹកថា កាលឆ្នាំ២០២២ មនុស្សម្នារាប់ម៉ឺននាក់ ដែលភាគច្រើនស្ថិតក្នុងវ័យ ២០ឆ្នាំ និង ៣០ឆ្នាំ បាននាំគ្នាទៅលេងពិធីបុណ្យវិស្សមកាលក្រោយជំងឺរាតត្បាតកូវីដ១៩ នៅសង្កាត់ Itaewon នៃទីក្រុងសេអ៊ូល នៅពេលមានគ្រោះមហន្តរាយកើតឡើង។ ពេលយប់ដ៏រីករាយ បានប្រែក្លាយជាមានមនុស្សស្លាប់យ៉ាងច្រើន ខណៈហ្វូងមនុស្សប្រជ្រៀតគ្នាចូលក្នុងផ្លូវដ៏តូចចង្អៀត និងចំណោត នៅចន្លោះរវាងបារ និងក្លឹបកម្សាន្ត ហើយទម្ងន់នៃរាងកាយរបស់ពួកគេ និងកង្វះការគ្រប់គ្រងហ្វូងមនុស្សប្រកបដោយប្រសិទ្ធភាព បានបណ្តាលឱ្យមនុស្សជាង ១៥០នាក់ បានដួលសង្កត់លើគ្នាស្លាប់។
ប៉ុន្មានឆ្នាំកន្លងផុតទៅ ក្រុមគ្រួសារជនរងគ្រោះនិយាយថា ពួកគេនៅតែបន្តស្វែងរកចម្លើយចំពោះមូលហេតុពិតប្រាកដ ហើយអ្នកណាជាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មដ៏ឃោរឃៅនេះ៕


