អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធ (១៦ កក្កដា) ថា ទីក្រុងមូស្គូ កំពុងតាមដានយ៉ាងដិតដល់នូវការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិចឱ្យដល់អ៊ុយក្រែន ភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសពីការបន្តប្រគល់សព្វាវុធទៅកាន់ទីក្រុងគីវ។

លោក Peskov ក៏បានបញ្ជាក់កាលពីថ្ងៃពុធផងដែរថា ជំនួបទូរសព្ទថ្មីរវាងលោក Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បច្ចុប្បន្ននេះមិនត្រូវបានគ្រោងទុកទេ ប៉ុន្តែអាចត្រូវបានរៀបចំយ៉ាងឆាប់រហ័ស នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានរុស្ស៊ី។
ការអត្ថាធិប្បាយពីវិមានក្រឹមឡាំង បានកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះបានបង្ហាញពីភាពអស់ការអត់ធ្មត់កាន់តែខ្លាំងជាមួយរុស្ស៊ី ជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។ ក្រៅពីការបញ្ជូនសព្វាវុធបន្ថែមឱ្យអ៊ុយក្រែន កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក Trump ក៏បានប្រកាសថា លោក Putin មានពេល ៥០ថ្ងៃ ពោលគឺរហូតដល់ដើមខែកញ្ញា ដើម្បីទទួលយកកិច្ចព្រមព្រៀងសន្តិភាពមួយ បើមិនដូច្នេះទេរុស្ស៊ីនឹងប្រឈមមុខនឹងពន្ធ និងទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់អាមេរិក។
ក្រុមអ្នកជំនាញនិយាយថា វិធីសាស្រ្តរបស់រុស្ស៊ីក្នុងពេលនេះគឺ “រក្សាភាពស្ងប់ស្ងាត់ និងបន្តទៅមុខ” ដោយតតាំងនឹងការគំរាមរបស់លោក Trump ហើយគេមិនប្រាកដឡើយថា សម្ពាធទាំងនេះនឹងជំរុញលោក Putin ឱ្យឈានដល់ការបញ្ចប់សង្គ្រាម។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងមូស្គូបានបង្កើនការទម្លាក់គ្រាប់បែកកាន់តែខ្លាំងពីលើអាកាសប្រឆាំងនឹងអ៊ុយក្រែន ជាមួយនឹងចំនួនកំណត់ត្រាប្រចាំថ្ងៃនៃមីស៊ីល និងយានដ្រូនរាប់រយគ្រឿង៕

