កោះតៃវ៉ាន់ ត្រៀមបន្តធ្វើសមយុទ្ធការពារស៊ីវិលដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) នេះ ដើម្បីទប់ទល់នឹងសម្ពាធពីប្រទេសចិន ជាផ្នែកមួយនៃសមយុទ្ធប្រចាំឆ្នាំដែលជិតបញ្ចប់។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសនឹងបន្លឺឡើងពាសពេញតំបន់ទីប្រជុំជន ហើយនៅតំបន់ខ្លះអ្នកស្រុកតម្រូវឱ្យជ្រកកោនក្នុងផ្ទះ ខណៈចរាចរណ៍ត្រូវផ្អាក ហើយទីក្រុងតៃប៉ិក៏នឹងធ្វើសមយុទ្ធជម្លៀស និងហាត់សមព្រឹត្តិការណ៍មានអ្នកស្លាប់ និងរបួសយ៉ាងច្រើនផងដែរ។

ការហ្វឹកហ្វឺននេះធ្វើឡើងផ្សារភ្ជាប់នឹងហ្គេមសង្គ្រាម Han Kuang ប្រចាំឆ្នាំដ៏ធំបំផុតមិនធ្លាប់មានរបស់កោះតៃវ៉ាន់ រយៈពេល ១០ថ្ងៃ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៨ កក្កដា ស្អែកនេះ ខណៈដែលកោះស្វ័យគ្រប់គ្រងមួយនេះបង្កើនការការពាររបស់ខ្លួន។ ប្រទេសចិន បានអះអាងសិទ្ធិលើកោះតៃវ៉ាន់ ថាជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយមិនច្រានចោលការប្រើកម្លាំងដើម្បី "បង្រួបបង្រួម" តំបន់នេះទេ។
ខណៈដែលសមយុទ្ធ Han Kuang មុនៗក៏មានសមាសធាតុការពារស៊ីវិលផងដែរ អាជ្ញាធរតៃវ៉ាន់នៅឆ្នាំនេះ បានបញ្ចូលលំហាត់សមស៊ីវិលនេះក្នុងសមយុទ្ធតែមួយឈ្មោះថា "ភាពធន់របស់ទីក្រុង" (Urban Resilience) នៅទូទាំងកោះ ដែលចាប់ផ្តើមតាំងតែពីថ្ងៃអង្គារមក និងបញ្ចប់នៅថ្ងៃសុក្រស្អែកនេះ។
អ្នករស់នៅក្នុងតំបន់នីមួយៗដែលបានកំណត់ធ្វើសមយុទ្ធ ត្រូវតែស្នាក់នៅក្នុងផ្ទះ បើពុំនោះទេនឹងត្រូវផាកពិន័យ ហើយហាងអាជីវកម្ម និងភោជនីយដ្ឋានទាំងអស់ត្រូវតែផ្អាកប្រតិបត្តិការ។ ចរាចរណ៍ផ្លូវគោកក៏ត្រូវផ្អាកផងដែរ ដោយអ្នកបើកបរតម្រូវឱ្យឈប់បើកបរយានជំនិះរបស់ពួកគេភ្លាមៗក្នុងអំឡុងពេលសមយុទ្ធនោះ៕

