អ្នកការទូតសហភាពអឺរ៉ូប ៤រូបបានប្រាប់សារព័ត៌មានរ៉យទ័រថា ប្លុកអឺរ៉ុប បានបរាជ័យជាថ្មីម្ដងទៀតនៅថ្ងៃទីពីរ លើការអនុម័តកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី កាលពីថ្ងៃពុធ (១៦ កក្កដា) ខណៈដែលសមាជិកស្លូវ៉ាគី បន្តស្វះស្វែងរកសម្បទានលើការផ្គត់ផ្គង់ឧស្ម័ន។

ក្រុមអ្នកការទូតដែលដឹងពីកិច្ចពិភាក្សាបាននិយាយថា ស្លូវ៉ាគីបានវេតូលើការអនុម័តដាក់ទណ្ឌកម្មនោះ ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសសហភាពអឺរ៉ុប ហើយប្រទេសម៉ាល់តា ក៏បានលើកការជំទាស់ផងដែរ។
រដ្ឋាភិបាលស្លូវ៉ាគីបាននិយាយថា ខ្លួននឹងមិនយល់ព្រមលើការដាក់ទណ្ឌកម្មនេះទេ មុនពេលប្រទេសនេះទទួលបានការធានាបន្ថែមទៀតថា ខ្លួននឹងមិនរងគ្រោះដោយសារផែនការរបស់សហភាពអឺរ៉ុបដាច់ដោយឡែកមួយដើម្បីបញ្ឈប់ការប្រើប្រាស់ឧស្ម័នរុស្ស៊ី នៅចុងឆ្នាំ២០២៧។
ទណ្ឌកម្មដែលបានបរាជ័យនេះ នឹងក្លាយជាកញ្ចប់ទី១៨ របស់សហភាពអឺរ៉ុប នៃវិធានការបែបនេះប្រឆាំងនឹងរុស្ស៊ី ជុំវិញប្រតិបត្តិការយោធាលើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។ ប្លុកអឺរ៉ុបចង់បានការគាំទ្ររបស់ស្លូវ៉ាគី ព្រោះថាទណ្ឌកម្មអាចសម្រេចបានលុះត្រាតែមានការឯកភាពរួមគ្នា ហើយគណៈកម្មាការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុបទាំងមូលបានផ្ញើលិខិតមួយទៅស្លូវ៉ាគី ដែលសន្យាថាខ្លួននឹងប្រឹងប្រែងដោះស្រាយកង្វល់ឧស្ម័នរបស់ប្រទេសនេះ៕

