ឯកឧត្តម ហួត ហាក់ ដឹកនាំប្រតិភូក្រសួងទេសចរណ៍ ទស្សនកិច្ចនៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដើម្បីស្វែងយល់ទាក់ទងទៅនឹងប្រវត្តិសាស្ត្ររបស់កម្ពុជា និងបច្ចុប្បន្នភាពនៃនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងជំនួបពិភាក្សាការងារ និងទស្សនកិច្ចនៅសារមន្ទីរ សេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ប្រតិភូក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នេះ, លោកជំទាវ បានលើកឡើងពីការចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា របស់ធនាគារជាតិ នៃកម្ពុជានាពេលកន្លងមក តាមរយៈនវានុវត្តន៍ហិរញ្ញវត្ថុ និងគំនិតផ្តួចផ្តើមថ្មីៗដូចជា ការសម្រេចបានការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែន ជាមួយបណ្តាប្រទេស ជាច្រើន ការដាក់ឱ្យដំណើរការកម្មវិធីបាគងទេសចរ និងការដំណើរការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) នៅរាជធានីភ្នំពេញ ព្រមទាំងគម្រោងដំណើរការសារមន្ទីរ ស.ស.រ ខេត្តបាត់ដំបង និងខេត្តកំពត នាពេលខាងមុខជាដើម។

លោកជំទាវបណ្ឌិត ក៏បានលើកឡើងពីសារៈសំខាន់ នៃការប្រមូល និងចងក្រងស្ថិតិទេសចរ ព្រមទាំងបញ្ជាក់ពីឆន្ទៈចូលរួម សហការ និងគាំទ្រក្នុងការធ្វើឱ្យប្រសើរឡើង នូវគុណភាពទិន្នន័យទេសចរប្រកបដោយប្រសិទ្ធភាព។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ នៃ វិស័យទេសចរណ៍នាពេលកន្លងមក ក្រោមដំបូលសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើង នៃភ្ញៀវ អន្តរជាតិ និងទេសចរក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកសរសើរ ពីការរួមចំណែករបស់ធនាគារជាតិនៃកម្ពុជា ក្នុងការជំរុញ វិស័យទេសចរណ៍នាពេលកន្លងមក តាមរយៈការដាក់ឱ្យដំណើរការផលិតផលហិរញ្ញវត្ថុថ្មីៗ ដែលទាំងនេះបានជួយសម្រួលយ៉ាងច្រើន ដល់ការទូទាត់ របស់ទេសចរ និងចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរកម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី







