ភ្នំពេញ៖ កសិករអ្នកដាំបន្លែនិងចិញ្ចឹមមាន់ស្រែចំនួន ៨១គ្រួសារ មកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត នៅស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP)។ នេះបើតាម ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ឃឹម ហ្វីណង់ នៅព្រឹកថ្ងៃទី១៧ ខែកក្កដានេះ បានសរសេរថា អបអរសាទរបងប្អូនកសិករអ្នកដាំបន្លែនិងចិញ្ចឹមមាន់ស្រែចំនួន ៨១គ្រួសារ មកពីសហគមន៍កសិកម្មមាន់ស្រែអូរផុត នៅស្រុកត្រាំកក់ ខេត្តតាកែវ ទទួលបានជំនួយឥតសំណងក្នុងទំហំទឹកប្រាក់ប្រមាណ ១,២លានដុល្លារ ពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) ដែលជាកម្មវិធីគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោក ក្នុងនោះ ១៤ម៉ឺនដុល្លារសម្រាប់គាំទ្រ៤០%ដល់ការវិនិយោគដាំបន្លែក្នុងផ្ទះសំណាញ់ និងការចិញ្ចឹមមាន់ស្រែយកស៊ុត និងប្រហែល១លានដុល្លារទៀតសម្រាប់សាងសង់ផ្លូវកៅស៊ូប្រវែង ៦,៤ គីឡូម៉ែត្រនៅក្នុងសហគមន៍។
ឯកឧត្តម ឃឹម ហ្វីណង់ ថ្លែងថា គិតជាមធ្យម ក្រុមកសិករអ្នកដាំបន្លែក្នុងមួយគ្រួសារទទួលបានជំនួយឧបត្ថម្ភចំនួន ២៣០០ដុល្លារ ចំណែកឯក្រុមអ្នកចិញ្ចឹមមាន់ស្រែទទួលបាន១២០០ ដុល្លារ/គ្រួសារ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺសហគមន៍គ្រោងនឹងសហការជាមួយក្រសួងកសិកម្មដើម្បីប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងអនុញ្ញាតឱ្យសហគមន៍អាចទទួលការគាំទ្របន្ថែមខាងផ្នែកដើមទុនការប្រាក់ទាប បច្ចេកទេសតាមស្តង់ដា និងការធានាពីទីផ្សារ៕







