ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធ (១៦ កក្កដា) ថា អត្រាអតិផរណាតម្លៃទំនិញប្រើប្រាស់ប្រចាំឆ្នាំ CPI របស់ចក្រភពអង់គ្លេស បានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលមួយឆ្នាំនៅត្រឹមតួលេខ ៣,៦% នៅក្នុងខែមិថុនាកន្លងទៅ ដោយធ្វើឱ្យមានការរំពឹងទុកតិចតួចណាស់សម្រាប់ការកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតពីធនាគារកណ្ដាលអង់គ្លេស។

ទិន្នន័យខែមិថុនាពីការិយាល័យស្ថិតិជាតិអង់គ្លេស បានបង្ហាញថា អត្រា CPI ប្រចាំឆ្នាំឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែមករា ឆ្នាំ២០២៤ មក ដែលផ្ទុយពីការរំពឹងទុករបស់សេដ្ឋវិទូនៅក្នុងការស្ទង់មតិសារព័ត៌មានរ៉យទ័រ ដែលថាអតិផរណានឹងមិនផ្លាស់ប្តូរដូចនៅក្នុងអត្រាខែឧសភា ៣,៤%។
អតិផរណាចក្រភពអង់គ្លេស បានកើនឡើងជាលំដាប់ចាប់តាំងពីឈានដល់កម្រិតទាបរយៈពេលបីឆ្នាំនៃ ១,៧% កាលពីខែកញ្ញា ឆ្នាំមុនមក ហើយនៅក្នុងខែឧសភា ការព្យាករដ៏គួរឱ្យភ័យខ្លាចរបស់ធនាគារកណ្ដាល និយាយថា CPI អង់គ្លេស នឹងឡើងដល់កម្រិត ៣,៧% នៅក្នុងខែកញ្ញា ដែលស្ទើរតែពីរដងនៃគោលដៅ ២% របស់ខ្លួន។
ការិយាល័យស្ថិតិជាតិអង់គ្លេសបាននិយាយថា ការចំណាយខ្ពស់សម្រាប់ប្រេងឥន្ធនៈ ថ្លៃសំបុត្រយន្តហោះ និងសំបុត្ររថភ្លើង គឺជាអ្នករួមចំណែកដ៏ធំបំផុតចំពោះការកើនឡើងនៃអត្រាអតិផរណានៅចន្លោះខែឧសភា និងខែមិថុនានោះ ហើយទាំងអស់នោះក៏បានរួមចំណែកផងដែរនូវការកើនឡើងនៃថ្លៃចំណាយនានា រាប់ចាប់ពីម្ហូបអាហារ និងសម្លៀកបំពាក់ រហូតដល់ស្រាក្រហមជាដើម៕

