ប្រទេសក្រិក កំពុងត្រៀមរៀបចំទប់ទល់នូវអ្វីដែលអាចជារលកកម្ដៅដ៏ខ្លាំងក្លាបំផុតនៃរដូវក្តៅ ដោយសីតុណ្ហភាពត្រូវបានរំពឹងថានឹងកើនឡើងយ៉ាងខ្លាំងនៅក្នុងប៉ុន្មានថ្ងៃខាងមុខ។

ការព្យាករអាកាសធាតុបង្ហាញថា សីតុណ្ហភាពអាចឡើងដល់ ៤៣អង្សាសេ ជាពិសេសចាប់ពីថ្ងៃអាទិត្យ ទី២០ ខែកក្កដា ចុងសប្ដាហ៍ខាងមុខនេះ រហូតដល់យ៉ាងហោចណាស់ថ្ងៃអង្គារ ឬប្រហែលជាអាចអូសបន្លាយដល់ថ្ងៃពុធ សប្ដាហ៍ក្រោយ។
ខណៈដែលស្ថានភាពបច្ចុប្បន្នកំពុងក្តៅខ្លាំង ដោយមានសីតុណ្ហភាពខ្ពស់ពេលថ្ងៃក្នុងរង្វង់ ៣៨អង្សារសេរួចទៅហើយ អ្នកឧតុនិយម លោក Giorgos Tsatrafilias បានព្រមានថា រលកកម្ដៅកាន់តែខ្លាំងជាងនេះ កំពុងខិតជិតមកដល់។ យោងតាមការវិភាគរបស់លោក សីតុណ្ហភាពចន្លោះ ៣៩-៤០អង្សាសេ អាចត្រូវបានកត់ត្រារហូតដល់ចុងសប្តាហ៍ មុនពេលកម្លាំងពេញលេញនៃរលកកម្ដៅចូលមកដល់។
អ្នកឧតុនិយមរូបនេះបានសង្កត់ធ្ងន់ថា រយៈពេលដ៏យូរនៃអាកាសធាតុក្តៅនឹងធ្វើឱ្យតំបន់ព្រៃស្ងួតហួតហែងខ្លាំង ហើយបង្កើនហានិភ័យនៃចំហេះព្រៃរីករាលដាល ដែលកំពុងតែរួមរឹតប្រទេសក្រិកអស់ជាយូរ។ ប្រជាជនដែលងាយរងគ្រោះ ជាពិសេសនៅក្នុងតំបន់ទីក្រុងដែលខ្យល់ចេញចូលមានកម្រិត និងជម្រើសម៉ាស៊ីនត្រជាក់តិចតួច ក៏ត្រូវបានរំពឹងថានឹងប្រឈមមុខនឹងភាពតានតឹងយ៉ាងអាក្រក់ផងដែរ៕

