ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា ការនាំចេញរបស់ប្រទេសជប៉ុន នៅក្នុងខែមិថុនាកន្លងទៅ បានធ្លាក់ចុះ ០,៥% ធៀបនឹងឆ្នាំមុន ដោយបានពង្រីកការធ្លាក់ចុះ ១,៧% ដែលបានមើលឃើញរួចមកហើយនៅក្នុងខែឧសភា ខណៈការចែកចាយបន្តធ្លាក់ចុះសម្រាប់ខែទីពីរជាប់ៗគ្នា ស្របពេលចក្ខុវិស័យនៃកិច្ចព្រមព្រៀងពន្ធជាមួយសហរដ្ឋអាមេរិក ហាក់អាប់អួរខ្លាំង។

ការថយចុះផ្នែកនាំចេញនេះគឺបញ្ច្រាសទាំងស្រុងពីការរំពឹងទុករបស់សេដ្ឋវិទូនៃកំណើន ០,៥% ក្នុងការស្ទង់មតិដោយសារព័ត៌មានរ៉យទ័រ ហើយកើតឡើងចំពេលវឌ្ឍនភាពមិនគ្រប់គ្រាន់នៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។
នៅព្រឹកថ្ងៃពុធ (១៦ កក្កដា) ប្រធានាធិបតីអាមេរិក លោក Donald Trump បានរំលឹកឡើងវិញថា ពន្ធ ២៥% នឹងត្រូវអនុវត្តចំពោះការនាំចូលរបស់ជប៉ុន ដោយនិយាយថា លោកមិនរំពឹងនោះទេថានឹងឈានដល់កិច្ចព្រមព្រៀងទូលំទូលាយជាមួយទីក្រុងតូក្យូ មុនថ្ងៃផុតកំណត់ពន្ធទី០១ សីហា ខាងមុខនោះទេ។
កាលពីថ្ងៃទី៧ ខែកក្កដា លោក Trump បានប្រកាសដំឡើងពន្ធ ២៥% លើការនាំចូលពីជប៉ុន និងកូរ៉េខាងត្បូង ដែលមានប្រសិទ្ធភាពនៅថ្ងៃទី០១ ខែសីហា ហើយលោកក៏បានប្រកាសពីអត្រាដាច់ដោយឡែកសម្រាប់ប្រទេសមួយចំនួនទៀត។ វិធានការពាណិជ្ជកម្មរបស់ប្រធានាធីបតីអាមេរិករូបនេះ បានបង្កើនរបាំងពាណិជ្ជកម្មពិភពលោក ប៉ះពាល់ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ និងធ្វើឱ្យមានការព្រួយបារម្ភអំពីរលកថ្មីនៃអតិផរណាសកល៕

