ប្រភពជាច្រើនដែលដឹងពីការពិភាក្សាផ្ទៃក្នុងរបស់ទីកក្រុងវ៉ាស៊ីនតោន បាននិយាយថា លោកប្រធានាធិបតីអាមេរិក Donald Trump បានបន្ទន់ជំហររបស់លោកក្នុងការប្រឈមមុខជាមួយប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចប្រជុំកំពូលមួយជាមួយសមភាគី លោក Xi Jinping និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោកមួយនេះ។

រយៈពេល ៦ខែនៅក្នុងអាណត្តិទីពីររបស់ខ្លួន លោក Trump បានបន្ទន់នូវវោហាសាស្ត្រយុទ្ធនាការដ៏កម្រោលរបស់លោក ដែលផ្តោតលើឱនភាពពាណិជ្ជកម្មដ៏ធំរបស់អាមេរិក ជាមួយចិន និងលទ្ធផលមិនគាប់ចិត្តក្នុងទីផ្សារការងារ។ ឥរិយាបថដ៏កក់ក្តៅនេះ ផ្ទុយទៅនឹងការគំរាមកំហែងរបស់លោកប្រឆាំងដៃគូពាណិជ្ជកម្មផ្សេងទៀត ដែលអាំចបំផ្លាញសេដ្ឋកិច្ចរបស់ពួកគេជាមួយនឹងពន្ធគយដ៏ខ្ពស់។
ឥឡូវនេះ លោក Trump កំពុងផ្តោតលើការសម្រេចកិច្ចព្រមព្រៀងទិញលក់ជាមួយទីក្រុងប៉េកាំង -ស្រដៀងទៅនឹងអ្វីដែលលោកបានធ្វើក្នុងអំឡុងពេលអាណត្តិដំបូង- និងចង់អបអរជ័យជម្នះយ៉ាងឆាប់រហ័ស ជំនួសឱ្យការដោះស្រាយបញ្ហាឫសគល់នៃអតុល្យភាពពាណិជ្ជកម្ម។ កាលពីថ្ងៃទី១៥ កក្កដា ប្រធានាធិបតីអាមេរិករូបនេះបាននិយាយថា លោកនឹងតតាំងជាមួយចិន "ក្នុងលក្ខណៈមិត្តភាព"។
ក្រុមមន្ត្រីរដ្ឋបាលសង្កត់ធ្ងន់ថា លោក Trump តែងចូលចិត្តលោក Xi ជាលក្ខណៈផ្ទាល់ខ្លួនយូរមកហើយ។ ប្រភពផ្ទៃក្នុងនិយាយថា យុទ្ធសាស្រ្តនយោបាយមិនទៀតទាត់របស់លោក Trump និងការដើរចេញរបស់លោកពីគោលនយោបាយតតាំងនឹងចិន បានបង្កជាក្ដីបារម្ភដល់អ្នកបង្កើតគោលនយោបាយក្នុងរដ្ឋបាលរបស់លោក ក៏ដូចជាក្រុមទីប្រឹក្សាខាងក្រៅផងដែរ ទៅលើថា បន្ទាត់ក្រហមពីមុនរបស់អាមេរិកជាមួយចិន ឥឡូវនេះអាចចរចាបានហើយ៕

