ក្រសួងសុវត្ថិភាព និងទីភ្នាក់ងារអាកាសធាតុ បាននិយាយថា មនុស្សយ៉ាងតិច ២នាក់បានស្លាប់ ហើយមនុស្សជាង ១.០០០នាក់ ត្រូវបានជម្លៀសខ្លួននៅកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសនេះរងការវាយប្រហារដោយភ្លៀងធ្លាក់ដ៏ខ្លាំងក្លានៅថ្ងៃព្រហស្បតិ៍ (១៧ កក្កដា) នេះ ខណៈតំបន់មួយទទួលរងនូវទឹកភ្លៀងច្រើនបំផុតក្នុងពេល ១ម៉ោង ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅឆ្នាំ១៩០៤ មក។

ក្រសួងមហាផ្ទៃ និងសុវត្ថិភាពនិយាយថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ផ្នែកខ្លះនៃតំបន់ South Chungcheong ដែលជាខេត្តភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល បានទទួលទឹកភ្លៀងលើសពី ៤០០មីលីម៉ែត្រ ចាប់តាំងពីថ្ងៃពុធមក ក្នុងកម្រិត ១១៤,៩មីលីម៉ែត្រក្នុងមួយម៉ោង "ជាកម្រិតមួយដែលជាធម្មតាឃើញតែម្ដងប៉ុណ្ណោះក្នុងពេល ១០០ឆ្នាំ"។
ការជូនដំណឹងពីបំណាក់ដីត្រូវបានបង្កើនដល់កម្រិតខ្ពស់បំផុតសម្រាប់តំបន់មួយចំនួន រួមទាំងតំបន់ Chungcheong ខណៈភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត នេះបើយោងតាមសេវាព្រៃឈើកូរ៉េ។ មន្រ្តីឧតុនិយមនិយាយថា ភ្លៀងធ្លាក់ខ្លាំងនេះគឺដោយសារ "ខ្យល់ក្តៅ និងសំណើមហូរចូលតាមជាយមហាសមុទ្រប៉ាស៊ីហ្វិកខាងជើង ដែលបង្កឱ្យមានអស្ថិរភាពបរិយាកាសខ្លាំង"។
ទិន្នន័យអាកាសធាតុផ្លូវការបានបង្ហាញថា កូរ៉េខាងត្បូងជាធម្មតាជួបភ្លៀងមូសុងខ្លាំងនៅក្នុងខែកក្កដា ប៉ុន្តែតំបន់ចំនួនបីនៅក្នុងខេត្ត South Chungcheong របស់ប្រទេសនេះ បានជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងកំណត់ត្រានៅសប្តាហ៍នេះ៕

