ឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng បានលើកឡើងកាលពីថ្ងៃពុធ (១៦ កក្កដា) ថា ពិភពលោកកំពុងតែឆ្លងកាត់ "ភាពច្របូកច្របល់វឹកវរ និងការផ្លាស់ប្តូរ" នៅអំឡុងពេលចាប់ផ្តើមពិព័រណ៍មួយក្នុងទីក្រុងប៉េកាំង។

ប្រទេសចិន កំពុងប្រើប្រាស់ពិព័រណ៍ខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិរបស់រដ្ឋធានីខ្លួនក្នុងសប្តាហ៍នេះ ជាវេទិកាមួយដើម្បីបង្កើនមុខមាត់របស់ចិន ក្នុងនាមជាអ្នកការពារសកលនៃពាណិជ្ជកម្មសេរី ផ្ទុយពីភាពវឹកវរផ្នែកពន្ធគយដែលបង្កឡើងដោយលោកប្រធានាធិបតីអាមេរិក Donald Trump។
ថ្លែងនៅក្នុងសុន្ទរកថាបើករបស់លោក ឧបនាយករដ្ឋមន្ត្រីចិនរូបនេះបាននិយាយថា "ប្រទេសមួយចំនួនកំពុងជ្រៀតជ្រែកក្នុងទីផ្សារក្រោមលេសនៃការកាត់បន្ថយហានិភ័យដោយប្រើវិធានការដូចជាការដាក់ពន្ធជាដើម"។ លោក He បន្តថា "ការផ្លាស់ប្តូរជាសកលក្នុងមួយសតវត្សរ៍ កំពុងបង្កើនសន្ទុះ ដោយមានហានិភ័យជាច្រើនដែលជាប់ទាក់ទងគ្នា និងប្រមូលផ្តុំឡើង"។
លោក He សង្កត់ធ្ងន់ថា "គ្រប់គ្នាត្រូវបង្កើតការយល់ស្របរួមគ្នាលើការអភិវឌ្ឍ ប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះនយោបាយ មនោគមវិជ្ជា និងសន្តិសុខហួសហេតុនៃបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយធ្វើការរួមគ្នាដើម្បីរក្សាបរិយាកាសអន្តរជាតិបើកចំហ និងកិច្ចសហប្រតិបត្តិការសកល"៕

