ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវ ឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។
អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតងនៅតំបន់ភ្នំខ្នងផ្សារ បានកំពុងដំណើរការទៅមុខ ជានិច្ចបើទោះបីក្នុងរដូវវស្សាក៏ដោយ និងមានភ្ញៀវទេសចរនៅតែបន្តធ្វើដំណើរ បានប្រសើរជាងមុន ដើម្បីទៅកម្សាន្តលើភ្នំខ្នងផ្សារជាហូរហែ។ ផ្លូវចាប់ពីវត្តតាំងបំពង់ ទៅដល់ជើងភ្នំខ្នងផ្សារ ប្រវែង ជាង៧ គ.ម បានបញ្ជប់ការចាក់ពង្រាបរួចហើយ បង្កឱ្យការធ្វើដំណើរបានល្អប្រសើរ។ ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន សហការជាមួយ ក្រសួង និងស្ថាប័នពាក់ព័ន្ធ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតំបន់ខ្នងផ្សារ ដែលមានភ្នំខ្នងសំពៅ និងខ្នងផ្សារ ដោយគោរពតាមបទដ្ឋាន បច្ចេកទេសបរិស្ថាន រួមចំណែកដល់ការការពារ និងអភិរក្សធនធានធម្មជាតិ រួមទាំងទេសភាពនៃតំបន់ការពារធម្មជាតិ និងការលើកកម្ពស់ ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន។
សូមបញ្ជាក់ថា ការដ្ឋានសាងសង់ផ្លូវចូលទៅកាន់តំបន់ខ្នងផ្សារ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់នោះ បានបើកសម្ពោធជាផ្លូវការ នៅភូមិតាំងបំពង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ រហូតមកទល់ពេលនេះ គម្រោងអភិវឌ្ឍន៍រួមមាន ការសាងសង់ ផ្លូវក្រាលក្រួសក្រហម (កាលថ្មម៉ិច) ប្រវែង ៧,២ គ.ម ទទឹងប្រវែង៨ម ចាប់ពីវត្តតាំងបំពង់ ដល់ជើងភ្នំឡើងតំបន់ខ្នងផ្សារ បានរៀបចំចាក់ដីនិងពង្រាបដីស្អាតរួចរាល់។ លើសពិនេះ ការសាងសង់ក្លោងទ្វារធ្វើឡើភ្នំសម្រេចបាន25% ការសាងសង់បន្ទប់ទឹកស្អាតសម្រេចបានធ្វើបាន 20% រួមជាមួយ ស្នាក់ការផ្តល់ព័ត៌មានសម្រាប់ទេសចរណ៍លើភ្នំ និងបន្ទប់សង្គ្រោះបឋម សម្រេចបាន 35%។ លើសពីនេះ ការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ និងការបើកការសាងសង់ផ្លូវថ្មើរ ជើងឡើងតំបន់ភ្នំខ្នងផ្សារ ចាប់ពីចំណុចជើងភ្នំ ដល់ដំណាក់ដានព្រះ មុនទៅដល់ភ្នំខ្នងផ្សារ រួមជាមួយកន្លែងចតយានយន្ត បានរៀបចំបានមួយចំនួនផងដែរ។
នៅក្នុងគម្រោង ក្រសួងបរិស្ថាន មានគម្រោងរៀបចំកន្លែង សម្រាកជាដំណាក់ៗ ផងដែរ ដោយមានថែរក្សា និងដាំដើមឈើព្រៃ និងឈើហូបផ្លែ ដើម្បីផ្តល់ម្លប់ សម្រាប់ទេសចរ អាចសម្រាកកម្សាន្តផង និងអាចទទួលទានផងដែរ។ ក្នុងនោះគម្រោងរបស់ក្រសួងបរិស្ថាន និងផ្តល់ជូនដល់ទេសចរមកលេងភ្នំខ្នងផ្សារ បានពិសាទឹកស្អាត ដែលចម្រោះចេញពីទឹកធម្មជាតិ ប្រភពពីលើភ្នំ ទៅដល់កន្លែងសម្រាក។ ជាមួយគ្នានេះ គម្រោងនឹងមានដាក់ស្លាកព័ត៌មាន ដែលបង្ហាញពីចម្ងាយផ្លូវ និងសារៈប្រយោជន៍នៃការឡើងភ្នំចំពោះសុខភាព នៅតាមកន្លែងសម្រាកនីមួយៗថែមទៀត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមបែបបៃតង ដែលនាំឱ្យមានភាពរីកចម្រើន ដោយមានការគាំទ្រ ទៅលើការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និងជីវៈចម្រុះ ក្រោមការផ្តួចផ្តើម និងចង្អុលបង្ហាញផ្ទាល់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបំពេញទស្សនកិច្ច នៅតំបន់ ភ្នំខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ការចាប់ផ្តើមអនុវត្តគម្រោងនេះ គឺជាការឆ្លើយតបប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីបង្កើតអនាគតថ្មីសម្រាប់តំបន់នេះ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ នឹងត្រូវផ្តល់ជូនសហគមន៍មូលដ្ឋាន ធ្វើការគ្រប់គ្រង ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងប្រែក្លាយសហគមន៍ ឱ្យទៅជាសហគ្រិន ដែលជាការផ្លាស់ប្តូរយ៉ាងសំខាន់ ពីការពឹងផ្អែកលើការកាប់ឈើ និងបរបាញ់សត្វព្រៃខុសច្បាប់ មកចូលរួមចំណែកកាន់តែប្រសើរ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងបានបង្កើនចំណូលជីវភាពគ្រួសារបន្ថែមទៀត ពីគោលដៃលំហែបៃតងនៅតាមសហគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ដែរថា ការបង្កើតនូវគោលដៅលំហែបៃតងនេះ គឺអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភ៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព ដែលបានដាក់ចេញ ស្រមតាមគោលនយោបាយ យុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ជាពិសេសប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សំដៅការអភិវឌ្ឍប្រកបដោយចីរភាព និងការគ្រប់គ្រងធនធានធម្មជាតិ បានយូរអង្វែង ដើម្បីប្រយោជន៍ដល់ប្រជាពលរដ្ឋ និងកូនចៅជំនាន់ក្រោយ៕