ផែនការរបស់លោកស្រី Elvia Nabiullina ដែលជាទេសាភិបាលធនាគារកណ្តាលនៃប្រទេសរុស្ស៊ី (CBR) កំពុងទទួលបានផល។ កាលពីឆ្នាំមុន លោកស្រីបានណែនាំវិធីសាស្ត្រគោលនយោបាយមិនមែនរូបិយវត្ថុ ដើម្បីបន្ទច់បង្អាក់កំណើនសេដ្ឋកិច្ចរបស់រុស្ស៊ី និងរុញឲ្យអតិផរណាធ្លាក់ចុះ ដោយមានចេតនាធ្វើឲ្យសេដ្ឋកិច្ចនៅទ្រឹង។
វាគឺជាមធ្យោបាយដ៏ខ្លាំងក្លាបំផុត និងមិនមែនជាវិធីសាស្ត្រសបែបប្រពៃណី ក្នុងការគ្រប់គ្រងអតិផរណានោះឡើយ ។ ប៉ុន្តែវាកំពុងទទួលបានផល។ អតិផរណាប្រចាំឆ្នាំបានធ្លាក់ចុះដល់ ៩,៤ភាគារយ ក្នុងខែមិថុនា ពោលគឺថយពីកម្រិតជាង ១០ភាគរយ កាលពីចុងឆ្នាំមុន។

នៅក្នុងព្រឹត្តិបត្រព័ត៌មានចំណងជើង Talking Trends ប្រចាំខែចុងក្រោយរបស់ខ្លួន CBR បានឲ្យដឹងថា៖ «នៅក្នុងខែមិថុនា កំណើនតម្លៃទំនិញប្រើប្រាស់ប្រចាំខែដែលបានកែតម្រូវតាមរដូវកាល បានថយចុះ ហើយទៅកៀកនឹងគោលដៅនៃអតិផរណា បើធៀបនឹងឆ្នាំកន្លងមក»។
CBR បានបន្ថែមថា៖ «ធុរកិច្ច និងគ្រួសារ បានរាយការណ៍ពីការធ្លាក់ចុះនៃការរំពឹងទុកពីអតិផរណា ដោយការចំណាយលើអាជីវកម្មធ្លាក់ចុះ។ តែយ៉ាងណាក្ដី ការប្រែប្រួលតម្លៃនៅតែមានភាពខុសគ្នាតាមប្រភេទវិស័យផ្សេងៗ ហើយភាពនឹងថ្កល់នៃអតិផរណា ក្នុងកម្រិតគោលដៅ នៅតែមិនទាន់ច្បាស់លាស់ទេ។ សម្រាប់អតិផរណា ដើម្បីបានធ្លាក់ចុះជាលំដាប់ដល់ ៤ភាគរយ និងមានស្ថិរភាពនៅកម្រិតនេះ លក្ខខណ្ឌរូបិយវត្ថុដ៏តឹងរ៉ឹងមួយ នឹងត្រូវការបន្តមានរយៈពេលវែង»។
ជារួម បើយោងតាមព្រឹត្តិបត្រ Talking Trends ដែលចេញផ្សាយកាលពីថ្ងៃពុធ (ទី១៦ ខែកក្កដា) បានបញ្ជាក់ថា៖ «សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី បានបង្ហាញពីសញ្ញានៃកំណើនមធ្យម នៅក្នុងត្រីមាសទី ២ នៃឆ្នាំ២០២៥ បន្ទាប់ពីបានធ្លាក់ចុះពីកម្រិតខ្ពស់បំផុត នៅចុងឆ្នាំ២០២៤ ដោយអត្រាប្តូរប្រាក់មានស្ថិរភាព ហើយគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹងជួយដល់អតិផរណា»៕

