បើយោងតាមអនុប្រធានាធិបតី លោក Geraldo Alckmin បានឲ្យដឹងថា ប្រទេសប្រេស៊ីលនឹងនៅតែស្វែងរកការកែប្រែយ៉ាងឆាប់រហ័ស ចំពោះការប្រកាសអត្រាពន្ធ ៥០ភាគរយរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលនៅតែបើកចំហរ ក្នុងការស្នើសុំពេលវេលាចរចាបន្ថែម។
បន្ទាប់ពីមានកិច្ចពិភាក្សាជាមួយមេអាជីវកម្មនានា ទាក់ទងនឹងកាតព្វកិច្ចពន្ធនេះ លោក Alckmin បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើត្រូវការពេលវេលាបន្ថែមទៀត យើងនឹងធ្វើការឆ្ពោះទៅរកការស្នើសុំនោះ»។ លោកបានបញ្ជាក់ថា ប្រេស៊ីលប្រឈមនឹងកាលផុតកំណត់ «ឆាប់ពេក» ពីព្រោះវិធានការពន្ធនេះ នឹងត្រូវចូលជាធរមាន នៅថ្ងៃទី១ ខែសីហា។

លោក Alckmin បានបន្ថែមថា៖ «ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំនេះ ការនាំចេញពីប្រេស៊ីលទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ៤,៣៧ភាគរយ ខណៈដែលការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសប្រេស៊ីលវិញ បានកើនឡើង ១១,៤៨ភាគរយ ដោយការនាំចេញរបស់សហរដ្ឋអាមេរិកមកកាន់ប្រទេសរបស់យើង ឥឡូវនេះ ស្ថិតក្នុងកម្រិតខ្ពស់បំផុត ពោលគឺស្ទើរតែ ៣ដងច្រើនជាងការនាំចេញរបស់យើង ហេតុដូច្នេះ យើងនឹងឈររួមគ្នា ដើម្បីកែប្រែការសម្រេចនេះ»។
គួរបញ្ជាក់ថា វិបត្តិការទូតមានសភាពកាន់តែអាក្រក់ទៅៗ បន្ទាប់ពីទីក្រុង Brasília បានលើកឡើងថា ខ្លួន «មិនពេញចិត្ត និងបដិសេធ» នូវអ្វីដែលខ្លួនចាត់ទុកថា ជា «សេចក្តីថ្លែងការណ៍មិនសមរម្យ» ពីសហរដ្ឋអាមេរិក ទាក់ទងនឹងការកាត់ក្តី ក្នុងសំណុំរឿងរដ្ឋប្រហាររបស់អតីតប្រធានាធិបតី លោក Jair Bolsonaro នៅតុលាការកំពូល។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្រេចដាក់ពន្ធ ៥០ភាគរយ ដោយលើកឡើងពីឱនភាពពាណិជ្ជកម្មជាមួយប្រេស៊ីល ប៉ុន្តែយោងតាមទិន្នន័យផ្លូវការរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ការអះអាងនេះ ជាក់ស្ដែង គឺមិនត្រឹមត្រូវទេ៕

