មនុស្សយ៉ាងហោចណាស់២៨នាក់ បានស្លាប់កាលពីថ្ងៃពុធ ដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តធំបំផុតរបស់ប្រទេសប៉ាគីស្ថាន ក្នុងពេលមានការព្រមានអំពីអាកាសធាតុកាន់តែអាក្រក់សម្រាប់ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ។ លោក Farooq Ahmad អ្នកនាំពាក្យមន្ទីរសង្គ្រោះខេត្ត បាននិយាយថា«ការស្លាប់គឺបណ្តាលមកពីការបាក់ដំបូល ជាពិសេសនៅតំបន់ជនបទនៃរដ្ឋ Punjab»។ លោក Ahmad បាននិយាយថាមនុស្សប្រហែល៩០នាក់បានរងរបួស។

Punjab គឺជាខេត្តធំបំផុតរបស់ប្រទេសប៉ាគីស្ថាន ដែលប្រជាជនរាប់លាននាក់ត្រូវពឹងផ្អែកលើកសិកម្ម និងរស់នៅក្នុងភូមិ។ ភ្លៀង ត្រូវបានគេចាត់ទុកថាជាការផ្តល់ពរជ័យអំឡុងរដូវកាល ប៉ុន្តែវាក៏ធ្វើឲ្យលំនៅឋាន បាក់រលំផងដែរ។ ចំនួនអ្នកស្លាប់ដោយសារភ្លៀងមូសុងឆ្នាំនេះបានឡើងដល់ ១៥០ នាក់ ខណៈមនុស្សជាង៣០០នាក់ទៀតបានរងរបួសដោយសារភ្លៀងធ្លាក់ខុសប្រក្រតីជាច្រើនសប្តាហ៍មកនេះ ដោយបានចាប់ផ្តើមកាលពីថ្ងៃទី ២៦ ខែមិថុនា។
ក្រសួងឧតុនិយម បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតក្នុងខែកក្កដា និងខែសីហា នឹងធ្វើឱ្យទឹកទន្លេហក់ឡើង នាំឱ្យមានជំនន់ទឹកជំនន់ដ៏គំហុក។ ប៉ាគីស្ថាន ជាប្រទេសដែលមានប្រជាជនច្រើនជាង ២៤០លាននាក់ ជាប្រទេសមួយងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ នេះបើយោងតាមអង្គការសហប្រជាជាតិ។
