ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមិនគិតថា មានភាពចាំបាច់អ្វីត្រូវបើកកិច្ចចរចាបន្ទាន់ជាមួយទីក្រុងតេអេរ៉ង់ ស្ដីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះឡើយ។
ដោយឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន នៅឯមូលដ្ឋានទ័ពអាកាស Andrews ក្បែរទីក្រុងវ៉ាស៊ីនតោន លោកប្រធានាធិបតីបានប្រាប់ថា៖ «ពួកគេ (អាជ្ញាធរអ៊ីរ៉ង់) ចង់ចរចា។ ខ្ញុំមិនប្រញាប់ប្រញាល់ចរចានោះទេ ពីព្រោះយើងបានបំផ្លាញទីតាំង (នុយក្លេអ៊ែរ) របស់ពួកគេហើយ»។

ទន្ទឹមនឹងនោះ ដោយនិយាយអំពីលទ្ធភាពដែលអ៊ីរ៉ង់អាចចាប់ផ្តើមកម្មវិធីនុយក្លេអ៊ែរឡើងវិញ លោក Trump បានសង្កត់ធ្ងន់ថា៖ «ពួកគេនឹងត្រូវតែចាប់ផ្តើមទាំងអស់ម្តងទៀត។ ការបំផ្លិចបំផ្លាញ គឺធ្វើឲ្យវា (ទីតាំងនុយក្លេអ៊ែរ) មិនអាចប្រើប្រាស់បានទៀតទេ។ ពួកគេនឹងត្រូវជ្រើសរើសទីតាំងភ្នំមួយផ្សេងទៀត»។ តែយ៉ាងណាក្ដី លោក Trump មិនបានបញ្ជាក់ថា តើកន្លែងមួយណា ក្នុងសាធារណរដ្ឋឥស្លាម ដែលលោកកំពុងសំដៅទៅនោះទេ។ ជាពិសេស រោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នៅទីក្រុង Fordow មានទីតាំងយ៉ាងជ្រៅខាងក្នុងភ្នំ។
យោងតាមសារព័ត៌មាន Axios ដែលបានដកស្រង់ប្រភពនានា បានឲ្យដឹងថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង បានព្រមព្រៀងកំណត់យកចុងខែសីហា ជាថ្ងៃផុតកំណត់ សម្រាប់ការបញ្ចប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ បើមិនដូច្នេះទេ ទីក្រុងតេអេរ៉ង់នឹង «ប្រឈមជាមួយទណ្ឌកម្មធ្ងន់ធ្ងរ»៕
