ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយស្តីពីវិបត្តិមនុស្សធម៌កាន់តែធ្លក់ជ្រៅនៅតំបន់ហ្កាហ្សាស្ទ្រីប។ អាជ្ញាធរនៅក្នុងតំបន់ហ្កាហ្សា បាននិយាយថា មនុស្ស១២នាក់ រួមទាំងកុមារ ៨នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើចំណុចចែកចាយទឹកមួយកន្លែងកាលពីថ្ងៃអាទិត្យ។ តំបន់ហ៊ុមព័ទ្ធមួយនេះ កំពុងរងការវាយប្រហារយ៉ាងខ្លាំងជារៀងរាល់ថ្ងៃ។

នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី Catherine Russell បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខ កាលពីថ្ងៃពុធថា «ជាមធ្យមមានកុមារចំនួន២៨នាក់ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ ដែលស្មើនឹងថ្នាក់រៀនទាំងមូល»។
អ្នកចូលរួមក្នុងកិច្ចប្រជុំបាននិយាយថា កង្វះទឹក អាហារ ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ផ្សេងៗទៀតបាននឹងកំពុងបន្ថែមសោកនាដកម្ម និងបានជំរុញអ៊ីស្រាអែលកុំឱ្យរារាំងជំនួយមនុស្សធម៌។ អ្នកតំណាងអចិន្ត្រៃយ៍របស់ប្រទេសដាណឺម៉ាកប្រចាំអង្គការសហប្រជាជាតិ លោក Christina Lassen បាននិយាយថា «ជំនួយមនុស្សធម៌មិនត្រូវបានយកមកធ្វើនយោបាយឡើយ» ហើយការធ្វើដូច្នេះ «កំណត់គំរូដ៏គ្រោះថ្នាក់សម្រាប់អនាគតការងារមនុស្សធម៌នៅក្នុងតំបន់សង្រ្គាមជុំវិញពិភពលោក»។
អ្នកតំណាងរបស់អ៊ីស្រាអែល បានប្រឆាំងថា នៅថ្ងៃទី១៣ ខែកក្កដា ការផ្គត់ផ្គង់ទឹកដោះគោសម្រាប់ទារករាប់តោនបានចូលទៅក្នុងតំបន់ហ្កាហ្សាតាមរយៈច្រកឆ្លងកាត់ដែលត្រូវបានសម្រួលដោយអ៊ីស្រាអែល។ អ្នកតំណាងរូបនេះបានចោទប្រកាន់ក្រុមប្រឹក្សាថាបានបិទភ្នែកដោយអយុត្តិធម៌ចំពោះក្រុមហាម៉ាស ដោយចោទប្រកាន់ក្រុមឥស្លាមនិយមនេះពីសកម្មភាពរួមទាំងការប្រើកុមារ «ជាខែលការពារមនុស្ស» ។
