បើតាមសារព័ត៌មាន Financial Times (FT) នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) នេះ បានរាយការណ៍ថា គណៈកម្មការអឺរ៉ុបបានសម្រេចផ្អាកការស៊ើបអង្កេតរបស់ខ្លួន ចំពោះបណ្ដាញសង្គម X របស់លោក Elon Musk ពាក់ព័ន្ធនឹងការបំពានច្បាប់តម្លាភាពឌីជីថល ខណៈពេលដែលប្លុកអឺរ៉ុបស្វែងរកការបញ្ចប់កិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
ដោយដកស្រង់សម្តីមន្ត្រី ៣រូបដែលដឹងពីបញ្ហានេះ សេចក្ដីរាយការណ៍របស់សារព័ត៌មាននេះ បានឲ្យដឹងថា គណៈកម្មាការនឹងមិនអាចធ្វើតាមថ្ងៃកំណត់ឡើយ សម្រាប់ការបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួនលើបណ្ដាញសង្គម X ដែលត្រូវបានគេរំពឹងថា នឹងចប់សព្វគ្រប់នៅមុនវិស្សមកាលរដូវក្តៅរបស់ខ្លួន។

របាយការណ៍បានបញ្ជាក់ថា ការសម្រេចទំនងជាកើតឡើងបន្ទាប់ពីភាពច្បាស់លាស់ បានលេចឡើងនៅក្នុងកិច្ចចរចាពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក។ យ៉ាងណាក្ដី សារព័ត៌មាន Reuters មិនអាចបញ្ជាក់ពីរបាយការណ៍នេះបានភ្លាមៗនោះឡើយ។ EU និងបណ្ដាញសង្គម X ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើសុំអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។
គួររំលឹកថា និយតករបច្ចេកវិទ្យារបស់ EU បានឲ្យដឹងកាលពីឆ្នាំមុនថា បណ្ដាញសង្គម X បានបំពានច្បាប់មាតិកាអនឡាញរបស់ EU ក្រោមច្បាប់សេវាកម្មឌីជីថល៕
