នគរបាលបានឲ្យដឹងថា មនុស្សម្នាក់ បានបាត់បង់ជីវិត ខណៈ ១៣នាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីត្រូវបានរន្ទះបាញ់នៅឯទីលានលេងកីឡាបាញ់ធ្នូក្រៅវាលមួយ នៅភាគខាងត្បូងរដ្ឋ New Jersey របស់សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃពុធ (ទី១៦ ខែកក្កដា)។
លោក Matthew Kunz ស្នងការនគរបាលនៃទីក្រុង Jackson Township រដ្ឋ New Jersey ដែលនៅខាងដីគោកពីតំបន់ឆ្នេរ Jersey Shore បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសវ័យ ៦១ឆ្នាំ បានស្លាប់ដោយសាររបួស ដោយបានបន្ថែមថា ជនរងគ្រោះមានអាយុចន្លោះចាប់ពី ៧ឆ្នាំ ដល់ ៦១ឆ្នាំ។

នគរបាលបានបញ្ជាក់ថា ចំណែកមនុស្សទាំង ១៣នាក់ ដែលបានរងរបួស មានអាការផ្សេងៗគ្នា ដោយរាប់ចាប់ពីការរលាក រហូតដល់ការត្អូញត្អែរមិនច្បាស់លាស់ពីការមានអារម្មណ៍មិនល្អ។ តែយ៉ាងណាក្ដី នគរបាលបានប្រាប់ថា អ្នកទាំងនោះមិនត្រូវបានគេជឿថា អាចគំរាមកំហែងដល់អាយុជីវិតនោះឡើយ។ ពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ក្នុងតំបន់។
លោក Kunz បានប្រាប់ឲ្យដឹងទៀតថា បន្ដិចនៅមុនម៉ោង ៧:១៥នាទីយប់ ម៉ោងក្នុងស្រុក នគរបាលក្រុង Jackson ត្រូវបានគេជូនដំណឹងថា មានមនុស្សច្រើននាក់ត្រូវបានរន្ទះបាញ់នៅឯកន្លែងលេងកីឡាបាញ់ធ្នូ Black Knight Bowbenders ក្នុងទីក្រុង Jackson Township ហើយ CPR (វិធីសង្គ្រោះបន្ទាន់ចលនាបេះដូង និងដង្ហើម) កំពុងត្រូវបានអនុវត្ត ចំពោះមនុស្សម្នាក់។ ហេតុការណ៍រន្ទះនេះបានកើតឡើង ខណៈដែលតំបន់នេះ ស្ថិតក្រោមការព្រមានពីការមានព្យុះផ្គររន្ទះ៕
