មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei បាននិយាយថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ក្នុងការឆ្លើយតបនឹងការវាយប្រហារយោធាថ្មីណាមួយ ហើយទីក្រុងតេអេរ៉ង់មានសមត្ថភាពអាចវាយប្រហារលើគូសត្រូវខ្លាំងក្លាជាង កាលពីអំឡុងសង្រ្គាមរយៈពេល ១២ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។
លោក Khamenei និយាយនៅក្នុងសេចក្តីអត្ថាធិប្បាយចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍រដ្ឋថា ការពិតដែលថា ប្រទេសរបស់ពួកយើងត្រៀមខ្លួនប្រឈមនឹងមហាអំណាចដូចជាសហរដ្ឋអាមេរិក និងកូនជឹងរបស់ពួកគេ គឺរបបហ្សាអឺនអ៊ីស្រាអែល គឺគួរឲ្យស្ញប់ស្ញែងបំផុត ។

គួរឲ្យដឹងថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមុន ដោយពួកគេនិយាយថា វាគឺជាផ្នែកមួយនៃកម្មវិធីឆ្ពោះទៅរកការផលិតអាវុធនុយក្លេអ៊ែរ ។ ទីកុ្រងតេអេរ៉ង់ និយាយការពារថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន មានគោលបំណងស៊ីវិលសុទ្ធសាធ ។
ពាក់ព័ន្ធនឹងការវាយប្រហារមីស៊ីលលើមូលដ្ឋានទ័ព Al Udeid នៅប្រទេសកាតា លោក Khamenei និយាយថា មូលដ្ឋានទ័ពដែលត្រូវបានវាយប្រហារដោយអ៊ីរ៉ង់ គឺជាមូលដ្ឋានទ័ពក្នុងតំបន់ដ៏រសើបបំផុតរបស់សហរដ្ឋអាមេរិក ហើយការវាយប្រហារទ្រង់ទ្រាយធំជាងនេះ អាចនឹងធ្វើឡើងលើសហរដ្ឋអាមេរិក និងប្រទេសដទៃ ។
អ៊ីរ៉ង់ស្ថិតក្រោមសម្ពាធឲ្យចាប់ផ្តើមកិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក ស្របពេលដែលទីក្រុងវ៉ាស៊ីនតោន និងប្រទេសអឺរ៉ុបធំៗចំនួន ៣ផ្សេងទៀត បានឯកភាពកំណត់ដំណាច់ខែសីហា ជាឱសានវាទសម្រាប់កិច្ចព្រមព្រៀង ៕
