ក្រុមហ៊ុនរបស់ប្រទេសអ៊ីតាលីជាង ៦.០០០ត្រូវបានប៉ះពាល់ដោយផ្ទាល់ចំពោះហានិភ័យនៃការដំឡើងពន្ធខ្ពស់របស់សហរដ្ឋអាមេរិក នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយទីភ្នាក់ងារពាណិជ្ជកម្មអ៊ីតាលី (ITA) ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ការសម្រេចដំឡើងពន្ធ៣០ភាគរយលើការនាំចូលពីសហភាពអឺរ៉ុប (EU) និងម៉ិកស៊ិក គឺចាប់ពីថ្ងៃទី១ ខែសីហា។
របាយការណ៍របស់ទីភ្នាក់ងារពាណិជ្ជកម្មអ៊ីតាលី (ITA) បាននិយាយថាក្រុមហ៊ុនដែលរងផលប៉ះពាល់ភាគច្រើនជាក្រុមហ៊ុនខ្នាតតូច ក្នុងវិស័យដែលបន្ថែមតម្លៃខ្ពស់ ដូចជា ឧស្សាហកម្មភេសជ្ជៈ ផលិតផលដែក ឱសថ គ្រឿងសង្ហារឹម ពាណិជ្ជកម្មលក់រាយ និងផលិតផលទាក់ទងនឹងការដឹកជញ្ជូនក្រៅពីយានយន្ត។

របាយការណ៍នេះបានប៉ាន់ប្រមាណថា តម្លៃនៃការនាំចេញពីក្រុមហ៊ុនទាំងនេះទៅកាន់សហរដ្ឋអាមេរិក គឺច្រើនជាង១ពាន់លានអឺរ៉ូ (១២,៧៦ ពាន់លានដុល្លារអាមេរិក)។ សមាគមសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្ម Mezzogiorno (SVIMEZ) ក៏បានព្រមានកាលពីដើមសប្តាហ៍នេះអំពីផលប៉ះពាល់ដ៏មានសក្តានុពលនៃការដំឡើងពន្ធ ដោយប៉ាន់ស្មានថានឹងកាត់បន្ថយ ០,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអ៊ីតាលីក្នុងឆ្នាំ ២០២៦និងការបាត់បង់ការងាររហូតដល់១៥០.០០០កន្លែង។
