ប្រធានាធិបតីប្រទេសស៊ូដង់ខាងត្បូង លោក Salva Kiir កាលពីថ្ងៃពុធ បានអំពាវនាវឱ្យមានការដកទណ្ឌកម្ម និងបម្រាមអាវុធ ដែលបានដាក់បន្ទាប់ពីការផ្ទុះឡើងជម្លោះកាលពីខែធ្នូ ឆ្នាំ២០១៣។ ថ្លែងក្នុងអំឡុងពេលបើកសភានីតិបញ្ញត្តិជាតិអន្តរកាលកែប្រែឡើងវិញនៅទីក្រុង Juba រដ្ឋធានីប្រទេសស៊ូដង់ខាងត្បូង លោក Kiir បាននិយាយថា ទណ្ឌកម្ម និងបម្រាមអាវុធ កំពុងរារាំងដល់វឌ្ឍនភាព និងសន្តិសុខ។
លោក Kiir បាននិយាយថា «ចំពោះដៃគូអន្តរជាតិរបស់យើង គោលនយោបាយការបរទេសរបស់ប្រទេសស៊ូដង់ខាងត្បូង ត្រូវបានគាំទ្រដោយការរស់នៅដោយសន្តិភាព កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការគោរពគ្នាទៅវិញទៅមក។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ឡើងវិញនូវការអំពាវនាវឱ្យមានការដកទណ្ឌកម្មជាបន្ទាន់ ព្រមទាំងបម្រាមអាវុធផងដែរ។

ប្រទេសស៊ូដង់ខាងត្បូង បានស្ថិតនៅក្រោមការដាក់បម្រាមអាវុធរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០១៨មក ដែលហាមឃាត់ការផ្ទេរអាវុធ និងការគាំទ្រផ្នែកយោធាពីខាងក្រៅទៅកាន់ភាគីសង្រ្គាមរបស់ប្រទេសនេះ ហើយទណ្ឌកម្មក៏ត្រូវបានដាក់ដោយសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួនផងដែរ។
លើសពីនេះ លោក Kiir បានជំរុញឱ្យភាគីទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាពដែលរស់ឡើងវិញឆ្នាំ២០១៨ ធ្វើការប្តេជ្ញាចិត្តជាថ្មីដោយមិនកំណត់លក្ខខណ្ឌជាមុនចំពោះការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលផុយស្រួយនៅពេលនេះ។
