ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី ៧ខែមករា នេះ បានបង្ហោះសារក្នុងហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តមថា កម្ពុជាចាប់ផ្តើមឆ្នាំ២០២២ ជាមួយនឹងសុទិដ្ឋិនិយមជាច្រើន បើទោះជាកម្ពុជា និងបណ្តាប្រទេសដទៃ នៅមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយក្ដី។ ឯកឧត្តមបានលើកឡើងនូវចំណុចសំខាន់ចំនួន ៣ ដើម្បីបង្ហាញពីសុទិដ្ឋិនិយម សម្រាប់ការចាប់ផ្ដើមនៃឆ្នាំ ២០២២នេះ។
ក្នុងសាររបស់ឯឧត្តម ហ៊ុន ម៉ានី នាថ្ងៃនេះ បានលើកឡើងនូវព្រឹត្តិការណ៍សំខាន់ចំនួន ៣ ដែលបង្ហាញពីភាពសុទិដ្ឋិនិយមសម្រាប់កម្ពុជា ក្នុងការចាប់ផ្ដើមឆ្នាំថ្មីឆ្នាំ ២០២២នេះ។ ព្រឹត្តិការណ៍ទី ១ គឺ ការរស់នៅក្នុង”គន្លងថ្មី”។ តាមរយៈសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល រួមជាមួយនឹងការចូលរួមរបស់វីរជនជួរមុខ និងប្រជាពលរដ្ឋគ្រប់រូបក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយគ្នានឹងការមើលឃើញពីដំណើរការជាប្រក្រតីនៃការប្រារព្ធកម្មវិធីឆ្លងឆ្នាំនៅតាមបណ្តាទីតាំងនានាក្នុងប្រទេស យើងមានសុទិដ្ឋិនិយមថា ជីវភាពប្រជាពលរដ្ឋយើង បាន និងកំពុងវិលត្រលប់មកកាន់ប្រក្រតីភាពវិញ បើទោះជាពេលនេះ មិនដូចកាលមុនពេលផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ក្តី។ ប៉ុន្តែស្របពេលដែលយើងកំពុងតែសាទរនូវការងើបឡើងវិញនេះ យើងក៏មិនត្រូវភ្លេចបន្តចូលរួមអនុវត្តតាមវិធានសុខាភិបាល បន្តប្រុងប្រយ័ត្ន និងបន្តចូលរួមតាមគ្រប់លទ្ធភាពក្នុងការរក្សាភាពជោគជ័យនោះទេ។ យើងទាំងអស់គ្នាបានដើរមកដល់ពេលនេះ ដោយសារកិច្ចប្រឹងប្រែងរបស់យើងទាំងអស់គ្នា ជាពិសេសគឺកិច្ចប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលលោកបានដឹកនាំដោយផ្ទាល់ក្នុងការប្រយុទ្ធនឹងជំងឺនេះ ក៏ដូចជាការធានាបាននូវចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់គ្រប់គ្នា មិនថាតែជនជាតិខ្មែរនោះទេ គឺសម្រាប់ជនគ្រប់រូបដែលរស់នៅលើទឹកដីកម្ពុជាដោយមិនគិតថ្លៃ។
ព្រឹត្តិការណ៍ទី ២គឺ កម្ពុជាជាប្រធានអាស៊ាន។ សម្តេចនាយករដ្ឋមន្រ្តី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានដាក់ចេញនូវមូលបទ “អាស៊ាន A.C.T.៖ ស្គាល់បញ្ហា និងរួមគ្នាដោះស្រាយបញ្ហាទាំងអស់គ្នា” ក៏ដូចជារបៀបវារៈ ដែលក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន នឹងអាចដឹកនាំកិច្ចពិភាក្សា ឈានទៅសម្រេចបានកុងសង់ស៊ុសលើលទ្ធផល ដែលជាឧត្តមប្រយោជន៍ដល់អាស៊ាន និងប្រជាជននៃអាស៊ានទាំងមូលផងដែរ។ ប្រធានបទនានា (ដែលក្នុងនោះមានប្រធានបទដែលត្រូវបានបន្តពីឆ្នាំមុនៗ ដែលមិនទាន់មានការព្រមព្រៀង) រួមមានទាំងបញ្ហានយោបាយ សន្តិសុខ សេដ្ឋកិច្ច “ការងើបឡើងវិញក្រោយវិបត្តិកូវីដ ១៩” និងសង្គមវប្បធម៌ នឹងត្រូវលើកមកពិភាក្សា។ ខ្ញុំប្រាកដថាជាមួយស្មារតីសហគមន៍ និងភាពជាស្នូលរបស់អាស៊ាន កិច្ចពិភាក្សានឹងមានការវិវឌ្ឍន៍ល្អក្នុងឆ្នាំ២០២២នេះ បើទោះជាបញ្ហាទាំងនោះមានភាពលំបាកយ៉ាងណាក៏ដោយ។ ក្នុងនាមជាប្រធានអាស៊ាន យើងត្រូវមានមោទកភាពចំពោះអ្វីដែលយើងបាន និងកំពុងធ្វើ ទោះក្នុងនាមជាប្រជាជាតិទាំងមូលក្តី ឬក្នុងនាមបុគ្គលផ្ទាល់ខ្លួនក្តី។
សម្រាប់ព្រឹត្តិការណ៍ទី ៣ គឺ ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ២០២២ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដែលបាន ចារិកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមិថុនា ខាងមុខនេះ ប្រជាពលរដ្ឋកម្ពុជានឹងធ្វើដំណើរទៅកាន់ការិយាល័យបោឆ្នោតក្នុងឃុំសង្កាត់រៀងៗខ្លួន ដើម្បីបោះឆ្នោតដោយសេរី យុត្តិធម៌ និងសម្ងាត់ ជ្រើសរើសអ្នកដឹកនាំមូលដ្ឋានរបស់ខ្លួនក្នុងចំណោមគណបក្សចូលរួមប្រកួតប្រជែងជាច្រើន ដែលខ្លួនជឿថា មានសមត្ថភាពបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនៅក្នុងអាណត្តិ ២០២២ ២០២៧ ខាងមុខ។អត្ថបទ ៖ គឹម ហុក