នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុស្តិ៍ទូរទស្សន៍ព័ត៌មានក្នុងស្រុកចំនួន ២ រាយការណ៍ដោយលើកប្រភពជិតស្និតនឹងបញ្ហានេះថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ត្រូវបានគេរំពឹងថានឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៉ាគីស្ថាននៅខែកញ្ញាខាងមុខ ។
បើសិនជាបានបញ្ជាក់ផ្ទៀងផ្ទាត់មែន ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចាប់តាំងពីរយៈពេលជិត ២ទសវត្សរ៍មុន ពេលដែលលោកប្រធានាធិបតី George W. Bush ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន កាលពីឆ្នាំ ២០០៦ ។
អ្នកនាំពាក្យការិយាល័យការបរទេសប៉ាគីស្ថាន និយាយថា លោកពុំបានដឹងពីដំណើរទស្សនកិច្ចតាមការគ្រោងទុករបស់លោក Trumpនោះឡើយ ។
ទូរទស្សន៍ក្នុងស្រុកទាំង ២ រាយការណ៍ថា លោក Trumpនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាផងដែរ ក្រោយការមកដល់ទីក្រុង Islamabad នៅខែកញ្ញា ។
ទំនាក់ទំនងសហរដ្ឋអាមេរិក-ប៉ាគីស្ថាន មើលឃើញរីកចម្រើនខ្លាំង ពេលដែលលោក Trumpទទួលស្វាគមន៍មេបញ្ជាការកងទ័ពប៉ាគីស្ថាន គឺលោកសេនាប្រមុខ Asim Munir នៅឯសេតវិមានកាលពីខែមុន នៅក្នុងជំនួបមួយពុំធ្លាប់ដែលមានពីមុនមក ៕