រដ្ឋាភិបាលតាលីបង់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនមិនបានចាប់ខ្លួន ឬតាមដានជនជាតិអាហ្វហ្គានីស្ថាន ដែលពាក់ព័ន្ធនឹងផែនការតាំងលំនៅថ្មីជាសម្ងាត់របស់អង់គ្លេសទេ បន្ទាប់ពីការលេចធ្លាយ ទិន្នន័យ ត្រូវបានបង្ហាញ ក្នុងសប្តាហ៍នេះ។
រដ្ឋាភិបាលអង់គ្លេស បានបង្ហាញកាលពីថ្ងៃអង្គារថា ជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ ដែលធ្វើការជាមួយចក្រភពអង់គ្លេស ត្រូវបាននាំយកទៅប្រទេសនេះ ជាមួយក្រុមគ្រួសាររបស់ពួកគេ នៅក្នុងកម្មវិធីសម្ងាត់មួយ បន្ទាប់ពីការបែកធ្លាយទិន្នន័យឆ្នាំ ២០២២ បានធ្វើឲ្យជីវិតរបស់ពួកគេប្រឈមនឹងហានិភ័យ។
គ្រោងការណ៍នេះ ត្រូវបានបង្ហាញឲ្យដឹង បន្ទាប់ពីតុលាការជាន់ខ្ពស់ចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ បានដកដីការក្សាការពារដែលហាមឃាត់ការរាយការណ៍ណាមួយអំពីព្រឹត្តិការណ៍នេះ។
រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក John Healey បាននិយាយថា ការលេចធ្លាយទិន្នន័យនេះ មិនត្រូវបានបង្ហាញទេ ដោយសារតែហានិភ័យដែលអាជ្ញាធរតាលីបង់ នឹងទទួលបានសំណុំទិន្នន័យ ហើយអាយុជីវិតរបស់ជនជាតិអាហ្វហ្គានីស្ថាន នឹងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។
អ្នកនាំពាក្យរងរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន លោក Hamdullah Fitrat បាននិយាយនៅក្នុងសារជាសំឡេង ទៅកាន់អ្នកយកព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះថា៖«គ្មាននរណាម្នាក់ ត្រូវបានចាប់ខ្លួនសម្រាប់សកម្មភាពកន្លងមករបស់ពួកគេ គ្មាននរណាម្នាក់ ត្រូវបានសម្លាប់ ហើយក៏គ្មាននរណាម្នាក់ ត្រូវបានតាមដានសម្រាប់រឿងនេះដែរ។