គណបក្សដែលកំពុងឡើងប្រជាប្រិយភាព នៅក្នុងការស្ទង់មតិ មុនការបោះឆ្នោតជាតិ នាថ្ងៃអាទិត្យ (ទី២០ ខែកក្កដា) នៅប្រទេសជប៉ុន បានបដិសេធមិនមានទំនាក់ទំនងណាមួយជាមួយនឹងរុស្ស៊ីឡើយ បន្ទាប់ពីបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជនរបស់បក្សនេះ បានផ្តល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងមូស្គូ។
នយោបាយ នៅក្នុងជប៉ុន ត្រូវបានគ្របណ្ដប់ជាយូរមកហើយដោយក្រុមកណ្តាល-ស្ដាំនិយម គឺគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដោយក្រុមប្រជានិយមមានឥទ្ធិពលតិចតួចណាស់។ ប៉ុន្តែគណបក្សស្តាំនិយម Sanseito កំពុងទទួលបានការគាំទ្រពីប្រជាជន សម្រាប់វេទិកាដ៏តឹងរ៉ឹងរបស់ខ្លួន គឺ «Japanese-first» (ប្រទេសជប៉ុនទី១) ដែលរួមទាំងការប្រឆាំងនឹងសកលនិយម អន្តោប្រវេសន៍ និងទុនបរទេស។
ការស្ទង់មតិបានបង្ហាញថា គណបក្សនេះអាចឈ្នះកៅអីសភាជាន់ខ្ពស់ជាង ១០អាសនៈ ដោយឡើងពីចំនួនបច្ចុប្បន្ន ២កៅអី នៅក្នុងការបោះឆ្នោតដែលរដ្ឋាភិបាលចម្រុះរបស់លោកនាយករដ្ឋមន្ត្រី Shigeru Ishiba ប្រឈមនឹងការបាត់បង់សំឡេងភាគច្រើន។
ភាពចម្រូងចម្រាសចុងក្រោយរបស់បក្ស Sanseito កើតមានជុំវិញបេក្ខជនថ្មីថ្មោងដែលគេស្គាល់ឈ្មោះខ្លីត្រឹម Saya ក្រោយបានផ្តល់បទសម្ភាសន៍ដល់ទីភ្នាក់ងារសារព័ត៌មាន Sputnik របស់រុស្ស៊ី ដែលបន្ទាប់មកត្រូវបានផ្សព្វផ្សាយនៅលើគណនីបណ្ដាញសង្គម X របស់ជប៉ុន កាលពីថ្ងៃចន្ទ។ ការបង្ហាញខ្លួនភ្លាមៗរបស់លោក Saya ជាមួយសារព័ត៌មាន Sputnik បានបង្កឲ្យមានភាពច្របូកច្របល់ដែលបង្កើតឲ្យមានការលើកឡើងនៅលើបណ្ដាញសង្គមថា បក្ស Sanseito គឺគាំទ្ររុស្ស៊ី។
នៅពេលត្រូវបានសួរថា តើគណបក្សនេះមានចំណងទាក់ទងជាពិសេសជាមួយទីក្រុងមូស្គូដែរ ឬទេ ប្រធានបក្ស Sanseito លោក Sohei Kamiya បានប្រាប់កម្មវិធីព័ត៌មានតាមអ៊ីនធឺណិតកាលពីថ្ងៃអង្គារថា «ទេ យើងមិនមានការទាក់ទងអ្វីឡើយ»។ លោក Kamiya បានបញ្ជាក់បន្ថែមថា៖ «មិនថា ជាមួយរុស្ស៊ី ចិន ឬសហរដ្ឋអាមេរិក យើងមិនមានការទាក់ទងអ្វីឡើយ។ យើងរក្សាតុល្យភាពការទូតជាមួយប្រទេសទាំងអស់»៕