ក្រុមមន្រ្តីនិយាយថា មនុស្សយ៉ាងហោច ៣នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ១ពាន់នាក់ផ្សេងទៀត បានជម្លៀសខ្លួននៅថ្ងៃព្រហស្បតិ៍នេះ ក្រោយកូរ៉េខាងត្បូង រងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងបំផុត ។
ទិន្នន័យឧតុនិយមផ្លូវការបង្ហាញថា ជាទូទៅកូរ៉េខាងត្បូង មានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែកក្កដា ប៉ុន្តែតំបន់ចំនួន ៣នៅខេត្ត South Chungcheong ក្នុងសប្តាហ៍នេះ បានមើលឃើញភ្លៀងធ្លាក់ខ្លាំងបំផុតជាប់កំណត់ត្រា ។
ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូង និយាយថា មនុស្ស ៣នាក់ បានស្លាប់នៅថ្ងៃព្រហស្បតិ៍នេះ នៅខេត្ត South Chungcheong ។
មន្រ្តីមួយរូបរបស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូងនិយាយថា គិតត្រឹមវេលាម៉ោង ៤ល្ងាចថ្ងៃព្រហស្បតិ៍នេះ មនុស្សយ៉ាងហោច ៣នាក់ បានស្លាប់នៅថ្ងៃនេះ ដោយសារភ្លៀងធ្លាក់ខ្លាំង ។
នគរបាលនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា មនុស្សម្នាក់ ត្រូវបានប្រទះឃើញស្លាប់នៅក្នុងរថយន្តរងការជន់លិច បុរសវ័យចំណាស់ម្នាក់ ត្រូវបានទឹកហូរនាំយកទៅ ហើយបុរសវ័យចំណាស់ម្នាក់ទៀត បានប្រទះឃើញស្លាប់នៅក្នុងផ្ទះល្វែងជាន់ក្រោមដី ក្រោយកូនប្រុសរបស់គាត់ រាយការណ៍ពីការបាត់ខ្លួនរបស់គាត់ ។
មន្រ្តីទីភ្នាក់ងារឧតុនិយមនិយាយថា នៅតំបន់ភាគខាងលិច Seosan មានភ្លៀងធ្លាក់កម្ពស់រហូតដល់ ១១៤,៩មីលីម៉ែត្រ ក្នុង ១ម៉ោង ដែលកម្រិតបែបនេះ ធ្លាប់មើលឃើញកើតមានតែម្តងគត់ ក្នុងរយៈពេល ១០០ឆ្នាំ ហើយវាគឺជាកម្រិតខ្ពស់បំផុត ចាប់តាំងពីកំណត់ត្រា ចាប់ផ្តើមកាលពីឆ្នាំ ១៩០៤ ៕