នៅព្រឹកថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) ព្រឹទ្ធសភាអាមេរិកបានអនុម័តលើកាត់បន្ថយកញ្ចប់ចំណាយស្នើឡើងដោយប្រធានាធិបតី លោក Donald Trump ដែលនឹងលុបចោលការផ្តល់មូលនិធិជាង ៩ពាន់លានដុល្លារ សម្រាប់កម្មវិធីជំនួយបរទេស និងប្រព័ន្ធផ្សព្វផ្សាយសាធារណៈ។
សភាជាន់ខ្ពស់បានផ្ដល់ការអនុញ្ញាតដល់អ្វីដែលត្រូវបានគេមើលឃើញថា ជាការសាកល្បងដំបូង អំពីរបៀបដែលសមាជិកសភា អាចចេញយ៉ាងរលូននូវច្បាប់សន្សំថវិកាដែលផ្ដួចផ្ដើមឡើងដោយក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) របស់លោក Elon Musk ក្រោយការចាកចេញអមដោយការជម្លោះក្ដៅគគុករបស់មហាសេដ្ឋីបច្ចេកវិទ្យារូបនេះពីរដ្ឋាភិបាល។
ថ្វីបើមានការជំទាស់ពីសមាជិកខ្លះនៃគណបក្សទាំង ២ ក៏ដោយ ក៏ព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ បានអនុម័តវិធានការនេះ ជាមួយនឹងការគាំទ្រ ៥១សំឡេង ហើយ ៤៨សំឡេងប្រឆាំង អំឡុងសម័យប្រជុំដែលបានប្រព្រឹត្តទៅជាង ២ម៉ោង រហូតដល់ពាក់កណ្ដាលអធ្រាត្រ។
កំណែនៃសេចក្ដីស្នើច្បាប់ដែលត្រូវបានអនុម័តកាលពីខែមិថុនាដោយសភាតំណាងរាស្ត្រ បានស្វែងរកលុបបំបាត់មូលនិធិចំនួន ៤០០លានដុល្លារ ដែលបែងចែកទៅកម្មវិធីសុខភាព ក្នុងនោះរួមទាំងមូលនិធិសង្គ្រោះជំងឺអេដស៍សកល PEPFAR ដែលបង្កើតឡើងដោយអតីតប្រធានាធិបតី គឺលោក George W Bush៕