សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយផ្តល់អាវុធដល់អ៊ុយក្រែន ដើម្បីការពារទីក្រុងគីវ ពីការវាយប្រហាររាល់យប់របស់រុស្ស៊ី ដែលដំណើរវិវត្តន៍ចុងក្រោយនេះ នឹងធ្វើឲ្យទីក្រុងម៉ូស្គូក្តៅក្រហាយខ្លាំង ។
អាល្លឺម៉ង់ត្រៀមខ្លួនចំណាយប្រាក់សម្រាប់ប្រព័ន្ធមីស៊ីល ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងធំទូលាយជាងមុនរបស់សហរដ្ឋអាមេរិក ដើម្បីលក់អាវុធឲ្យអឺរ៉ុប ដែលមានគោលដៅសម្រាប់អ៊ុយក្រែន ។
រឿងរ៉ាវលម្អិត ចាប់ផ្តើមលេចចេញជារូបរាងឡើងកាលពីថ្ងៃទី ១០ ខែកក្កដា ពេលដែលលោកអធិការបតី Friedrich Merz និយាយថា អាល្លឺម៉ង់ និងទិញប្រព័ន្ធការពារដែនអាកាសផលិតនៅសហរដ្ឋអាមេរិក ។
លោក Merz និយាយនៅក្រៅកិច្ចប្រជុំសង្រ្គោះអ៊ុយក្រែន ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីថា ពួកយើងបានត្រៀមខ្លួនផងដែរ ក្នុងការទិញប្រព័ន្ធមីស៊ីល Patriot ពីសហរដ្ឋអាមេរិក ដើម្បីឲ្យពួកគេមានសម្រាប់អ៊ុយក្រែន ។
កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយប្រាប់ទូរទស្សន៍ NBC News ថា សហរដ្ឋអាមេរិកនឹងលក់អាវុធផលិតដោយអាមេរិកដល់អង្គការណាតូ រួមទាំងប្រព័ន្ធមីស៊ីល Patriots ដែលអង្គការណាតូ នឹងផ្តល់ជូនអ៊ុយក្រែន ៕