សមាជិកសភាបានឲ្យដឹងនៅលើបណ្ដាញសង្គមថា នាថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) នេះ សភាអ៊ុយក្រែន បានបោះឆ្នោត ដើម្បីតែងតាំងលោកស្រី Yulia Svyrydenko ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។
យោងតាមសមាជិកសភាជាច្រើននាក់ បានឲ្យដឹងថា ២៦២នាក់ ក្នុងចំណោមសមាជិកសភាទាំងអស់ បានបោះឆ្នោតគាំទ្រលោកស្រី Svyrydenko ដែលជាសំឡេងភាគច្រើនលើសពីចំនួនត្រូវការ នៅក្នុងសភាដែលមាន ៤៥០អាសនៈ។ សភាអ៊ុយក្រែនមិនផ្សាយសម័យប្រជុំរបស់ខ្លួនក្នុងសម័យសង្គ្រាមនោះទេ។
ការតែងតាំងលោកស្រី Svyrydenko ត្រូវបានគាំទ្រដោយលោកប្រធានាធិបតី Volodymyr Zelenskyy ដែលជាផ្នែកមួយនៃការរុះរើរដ្ឋាភិបាលដ៏ធំបំផុតរបស់លោក គិតចាប់តាំងពីការលុកលុយឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើមឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ នាយករដ្ឋមន្ត្រីថ្មីវ័យ ៣៩ឆ្នាំរូបនេះ បានកាន់តំណែងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងជាឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនម្នាក់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១។
រូបភាពនៃតារាងបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិក នៅក្នុងសភា ដែលត្រូវបានបង្ហោះដោយសមាជិកសភាម្នាក់ទៀត គឺលោក Yaroslav Zheleznyak ក៏បានបង្ហាញឲ្យឃើញផងដែរនូវការប្រឆាំងនឹងការតែងតាំងនេះចំនួន ២២សំឡេង និង ២៦សំឡេងអនុបវាទ។ ជាមួយគ្នានេះ សភាក៏ត្រូវបានគេរំពឹងផងដែរថា នឹងបោះឆ្នោតតែងតាំងនាយករដ្ឋមន្ត្រីផុតអាណត្តិ គឺលោក Denys Shmyhal ដែលបានកាន់តំណែងលើសពី ៥ឆ្នាំ ជារដ្ឋមន្ត្រីការពារជាតិ៕