មេបញ្ជាការយោធាជាន់ខ្ពស់របស់អង្គការណាតូ (NATO) លោក Alexus Grynkewich នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) នេះ បានប្រាប់ឲ្យដឹងថា ការត្រៀមរៀបចំ កំពុងដំណើរការ ដើម្បីបញ្ជូនឲ្យបានឆាប់រហ័សនូវប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៅអ៊ុយក្រែន ខណៈដែលប្រទេសនេះទទួលរងការវាយប្រហារមួយចំនួន ក្នុងចំណោមការវាយប្រហារខ្លាំងបំផុតនៃសង្រ្គាមដែលបន្តមានរហូតមកដល់ពេលនេះ។
អំឡុងសន្និសីទនៅទីក្រុង Wiesbaden របស់ប្រទេសអាល្លឺម៉ង់ លោក Grynkewich បានប្រាប់ថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាល្លឺម៉ង់ ជុំវិញការបញ្ជូនប្រព័ន្ធ Patriot។ ការណែនាំដែលខ្ញុំទទួលបាន គឺថា ត្រូវបញ្ជូនឲ្យបានលឿនតាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា នៅសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីការមានជំហរតឹងរ៉ឹងប្រឆាំងរុស្ស៊ី សម្រាប់សង្រ្គាមជាង ៣ឆ្នាំរបស់ប្រទេសនេះ នៅអ៊ុយក្រែន ហើយសន្យាផ្ដល់មីស៊ីលថ្មី និងអាវុធផ្សេងទៀតឲ្យទីក្រុងគៀវ។
លោក Trump បាននិយាយកាលពីថ្ងៃទី១៥ ខែកក្កដាថា មីស៊ីល Patriot មួយចំនួនដែលចេញពីអាល្លឺម៉ង់ បានតម្រង់ទៅកាន់អ៊ុយក្រែនហើយ។
ប្រភពស្និទ្ធនឹងកិច្ចពិភាក្សានេះ បានប្រាប់សារព័ត៌មាន Reuters ថា កិច្ចប្រជុំរបស់ប្រទេសម្ចាស់ប្រព័ន្ធ Patriot និងម្ចាស់ជំនួយអ៊ុយក្រែន ដែលមានគោលបំណងស្វែងរកប្រព័ន្ធការពារដែនអាកាស Patriot បន្ថែម សម្រាប់ទីក្រុងគីវ និងដឹកនាំដោយលោក Grynkewich អាចប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា៕