ភាពអស់សង្ឃឹមកំពុងកើនឡើងនៅក្នុងរដ្ឋធានីប្រទេសអេក្វាឌ័រ ពេលដែលប្រជាពលរដ្ឋរាប់ម៉ឺននាក់ បន្តគ្មានទឹកស្អាតប្រើប្រាស់រយៈពេល ១សប្តាហ៍នៅក្នុងវិបត្តិកង្វះទឹកដ៏អាក្រក់បំផុតនៅទីក្រុង Quito ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ។
ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៤០ម៉ឺននាក់ ត្រូវបានបង្អាក់យ៉ាងធ្ងន់ធ្ងរដោយសារគ្មានទឹកស្អាតប្រើប្រាស់ ក្រោយបំណាក់ដី បានបំផ្លាញបំពង់បង្ហូរទឹកដែលផ្គត់ផ្គង់ទឹកទៅកាន់តំបន់ភាគច្រើននៅក្នុងទីក្រុង Quito ។
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ Chillogallo នាំគ្នាស្រែកថា ពួកគេមិនអាចរស់ដោយគ្មានទឹកបាននោះទេ ខណៈពេលពួកគេតម្រង់ជួរតាមផ្លូវរង់ចាំរថយន្តសឺទែនចែកចាយទឹកស្អាត ។
ក្រុមការងារសង្រ្គោះបន្ទាន់ បានព្យាយាមចែកចាយទឹកដល់តំបន់រង់ផលប៉ះពាល់ចំនួន ៦កន្លែង និងព្យាយាមកាយភក់ចេញពីបំពង់បង្ហូរទឹកខូចខាត ។
លោកយាយ Inés Castro វ័យ ៧៤ឆ្នាំបានអង្គុយលើចិញ្ចើមផ្លូវក្រោមកម្តៅថ្ងៃដ៏ក្តៅ ដើម្បីរង់ចាំទទួលទឹក ។ លោកយាយនិយាយថា ពួកយើងបានរង់ចាំនៅទីនេះ តាំងពីព្រឹកមកម្ល៉េះ ហើយគ្មានរថយន្តសឺទែនទឹកណាមួយមកដល់នោះទេ ។
លោកយាយបន្តថា គាត់រស់នៅតែម្នាក់ឯងទេ ហើយគាត់សង្ឃឹមថា អ្នកជិតខាងនឹងជួយសែងធុងទឹកទៅផ្ទះរបស់គាត់ បើសិនជាគាត់អាចបំពេញទឹកក្នុងធុងហើយនោះ ពីព្រោះថា គាត់គ្មានកម្លាំងសែងវានោះទេ ៕