ក្រសួងហិរញ្ញវត្ថុ និងក្រសួងការពារជាតិអ៊ីស្រាអែល និយាយនៅថ្ងៃព្រហស្បតិ៍នេះ ដោយលើកឡើងពីការងារប្រឈមសន្តិសុខជាតិថា អ៊ីស្រាអែល នឹងបង្កើនការចំណាយការពារជាតិដល់ចំនួន ១២,៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២៥ និងឆ្នាំ ២០២៦ ។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កិច្ចព្រមព្រៀងថវិកានឹងអនុញ្ញាតឲ្យក្រសួងការពារជាតិ ពន្លឿនកិច្ចព្រមព្រៀងលទ្ធកម្មចាំបាច់ និងបន្ទាន់ ដែលសំខាន់ចំពោះសន្តិសុខជាតិ ។
រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ីស្រាអែលលោក Bezalel Smotrich និយាយថា ថវិកាការពារជាតិថ្មី គ្របដណ្តប់ទាំងស្រុងលើការប្រយុទ្ធដ៏តានតឹងនៅតំបន់ហ្កាហ្សា ជាមួយនឹងការត្រៀមខ្លួនសន្តិសុខគ្រប់ជ្រុងជ្រោយ សម្រាប់ការគំរាមកំហែងទាំងអស់ ពីតំបន់ភាគខាងត្បូង ភាគខាងត្បូង និងតំបន់ឆ្ងាយៗទៀត ។
ថ្លៃការពារជាតិអ៊ីស្រាអែល បានហក់ឡើងខ្ពស់ ចាប់តាំងពីពួកគេបើកការវាយប្រហារលើតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមជីវពលហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ។
ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានធ្វើសង្រ្គាមផងដែរជាមួយក្រុមហេសប៊ូឡានៅប្រទេសលីបង់ និងបង្កសង្រ្គាមតាមច្រកអាកាសរយៈពេល ១២ថ្ងៃជាមួយអ៊ីរ៉ង់ ក៏ដូចជាបើកការវាយប្រហារតាមច្រកអាកាសលើប្រទេសស៊ីរី ក្នុងសប្តាហ៍នេះ ក្រោយសន្យាកម្ទេចកងកម្លាំងរដ្ឋាភិបាលក្រុងដាម៉ាស់ ដែលបានវាយប្រហារតំបន់ជនជាតិភាគតិច Druze ៕