បើយោងតាមបុគ្គល ២នាក់ដែលដឹងពីបញ្ហានេះ ក្នុងនោះមានរួមទាំងសាក្សីជាជនជាតិស៊ីរីម្នាក់ផងដែរ បានឲ្យដឹងថា អ្នកការទូតលោកខាងលិចកំពុងឆ្លងកាត់ជិតក្រសួងការពារជាតិស៊ីរី ក្នុងទីក្រុងដាម៉ាស ក្នុងក្បួនរថពាសដែកមួយ នៅពេលដែលអ៊ីស្រាអែលបានវាយប្រហារអគារនេះដោយមីស៊ីលជាច្រើនគ្រាប់ កាលពីថ្ងៃពុធ (ទី១៦ ខែកក្កដា)។
តែយ៉ាងណាក្ដី បុគ្គលនោះបាននិយាយថា គ្មានអ្នកណាម្នាក់នៅក្នុងក្បួននេះរងរបួសឡើយ ហើយរថយន្តទាំងនោះបានបន្តដំណើរទៅមុខទៀត តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីសញ្ជាតិ ឬចំនួនអ្នកពាក់ព័ន្ធ។
អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងទៅលើទីក្រុងដាម៉ាស កាលពីថ្ងៃពុធ ដោយបានបំផ្ទុះផ្នែកខ្លះនៃក្រសួងការពារជាតិ និងវាយប្រហារនៅជិតវិមានប្រធានាធិបតី ខណៈពេលដែលក៏បានវាយប្រហារកងកម្លាំងសន្តិសុខរដ្ឋាភិបាល ដែលកំពុងប្រតិបត្តិការប្រឆាំងនឹងពួកសកម្មប្រយុទ្ធមកពីជនជាតិភាគតិច Druze របស់ប្រទេសនេះ នៅក្នុងខេត្ត Sweida ភាគខាងត្បូង។
ប្រភពសុខាភិបាលស៊ីរី បានឲ្យដឹងថា ការវាយប្រហារទៅលើក្រសួងនេះ បានបណ្ដាលឲ្យសមាជិកនៃកងកម្លាំងសន្តិសុខចំនួន ៥នាក់ បាត់បង់ជីវិត។
អ៊ីស្រាអែលផ្ដល់ហេតុផលថា ការវាយប្រហាររបស់ខ្លួន គឺជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីការពារជនជាតិភាគតិច Druze នៅភាគខាងត្បូងប្រទេសស៊ីរី ជាការអះអាងដែលត្រូវបានច្រានចោលដោយប្រធានាធិបតីស៊ីរី ដែលបាននិយាយថា អ៊ីស្រាអែលមានបំណងធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលថ្មី ក្នុងការធ្វើឲ្យប្រទេសរួបរួមគ្នា៕