បើយោងតាមប្រព័ន្ធផ្សព្វផ្សាយ NBC News ដែលបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី១៧ ខែកក្កដា) នេះ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកទាំងបច្ចុប្បន្ន និងអតីត បានឲ្យដឹងថា ការវាយតម្លៃថ្មីរបស់សហរដ្ឋអាមេរិក បានរកឃើញថា ការវាយប្រហាររបស់អាមេរិក កាលពីខែមិថុនា ភាគច្រើនបានបំផ្លាញតែមួយប៉ុណ្ណោះ ក្នុងចំណោមទីតាំងនុយក្លេអ៊ែរទាំង ៣ របស់អ៊ីរ៉ង់ ដែលមានន័យថា ២ផ្សេងទៀតមិនរងការខូចខាតធ្ងន់ធ្ងរឡើយ។
ដោយដកស្រង់សម្ដីមន្ត្រីបច្ចុប្បន្ន ២រូប របាយការណ៍បានបញ្ជាក់ថា មន្ត្រីអាមេរិក ជឿថា ការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរ Fordow របស់អ៊ីរ៉ង់ ទទួលបានជោគជ័យ ដោយអាចពន្យារសមត្ថភាពចម្រាញ់ នៅទីនោះ រហូតដល់ ២ឆ្នាំ។
របាយការណ៍បានបន្ថែមថា រោងចក្រ ២ផ្សេងទៀត ដែលអាមេរិកវាយប្រហារ មិនរងការខូចខាតធ្ងន់ធ្ងរទេ ហើយប្រហែលជាត្រូវបានបំផ្លាញត្រឹមតែមួយកម្រិតប៉ុណ្ណោះ ដែលការចម្រាញ់នុយក្លេអ៊ែរ អាចចាប់ផ្ដើមឡើងវិញ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប្រសិនបើអ៊ីរ៉ង់ចង់។
ទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់របាយការណ៍របស់សារព័ត៌មាន NBC ភ្លាមៗបានឡើយ។ ហើយសេតវិមាន ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការអត្ថាធិប្បាយ។
តែអ្នកនាំពាក្យសេតវិមាន លោកស្រី Anna Kelly បានប្រាប់សារព័ត៌មាន NBC News នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ដូចដែលលោកប្រធានាធិបតីបានប្រាប់ និងអ្នកជំនាញបានផ្ទៀងផ្ទាត់ ប្រតិបត្តិការ Midnight Hammer បានបំផ្លាញសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំងស្រុង»។
ចំណែកអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Sean Parnell បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ NBC ថា ប្រធានាធិបតីអាមេរិក លោក Donald Trump «មានភាពច្បាស់លាស់ណាស់ ហើយប្រជាជនអាមេរិកដឹងច្បាស់ណាស់ នោះគឺថា ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នៅ Fordow, Isfahan និង Natanz ត្រូវបានបំផ្លាញចោលទាំងស្រុង ហើយគ្មានអ្វីត្រូវសង្ស័យឡើយ»៕